អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ច ប្រសិនបើសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកការប្តេជ្ញាចិត្តក្រោម MOU សន្តិភាព
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិកវិលត្រឡប់ ទៅរកការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុស្សរណៈ នៃការយោគយល់គ្នាសន្តិភាព (MoU) ជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក លោក Pezeshkian បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៦នៅរដ្ឋធានី Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកលែងអាចដាក់ការទាមទារ “ខុសច្បាប់” របស់ខ្លួនលើអ៊ីរ៉ង់ ដោយកម្លាំងទៀតហើយ។
ដោយសំដៅទៅលើ «ការឈ្លានពាន» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី រួមជាមួយមេបញ្ជាការយោធា និងជនស៊ីវិល រាប់រយនាក់ លោកបានលេីកឡេីងថា «ឧក្រិដ្ឋកម្មទាំងនេះមិនមានមូលដ្ឋានច្បាប់ណាមួយឡើយ ហើយការឈ្លានពានបែបនេះ គឺមិនអាចរាប់ជាសមហេតុផលបានឡើយ»។
លោកក៏បានឧ្យដឹងផងដែរថា អ៊ីរ៉ង់ នឹងទប់ទល់នឹងឯកតោភាគីនិយម និងគោលនយោបាយផ្អែកលើសម្ពាធ និងទណ្ឌកម្ម ខណៈពេលដែលអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពហុភាគីនិយមកាន់តែរឹងមាំ។
ចំណែកលោក ពូទីន បានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់ ដែលកំពុងបន្ត និងបានសម្តែងក្តីសង្ឃឹម សម្រាប់លទ្ធផលជាក់ស្តែងនៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ី ក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់ នៅទូទាំងគ្រប់វិស័យផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
