លោក ដូណាល់ ត្រាំ ព្រមានថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការវាយប្រហារ បន្ថែមទៀតលេីអ៊ីរ៉ង់ ប៉ុន្តែបដិសេធផែនការ ប្តូរឈ្មោះច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា យោធាអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការវាយប្រហារបន្ថែមទៀត ទៅលើអ៊ីរ៉ង់នៅពេលណា ដែលលោកចង់បាន។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «វាជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយកាលពីយប់មិញ ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការវាយប្រហារមួយផ្សេងទៀត នៅពេលណាដែលយើងចង់បាន»។
ប្រធានាធិបតីអាមេរិករូបនេះ បានលេីកឡេីងថា យោធាអាមេរិក បានបំផ្លាញឧបករណ៍ថ្មីទាំងអស់ ដែលពួកគេបានព្យាយាមសាងសង់ តាមបណ្តោយច្រកសមុទ្រហ័រមូស»។
មន្ត្រីអ៊ីរ៉ង់បានឧ្យដឹងដា ការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅយប់ថ្ងៃអង្គារបានវាយប្រហារពិធីជប់លៀងអាពាហ៍ពិពាហ៍មួយនៅភាគខាងត្បូងអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងកាលពីថ្ងៃពុធថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ទាំងនោះ ហើយយោធាអាមេរិក «មិនដែលកំណត់គោលដៅលើជនស៊ីវិលនោះឡើយ»។
នៅពេលសួរនៅរសៀលថ្ងៃពុធថាតើលោកពិតជាមានបំណងប្តូរឈ្មោះច្រកសមុទ្រហ័រមូស តាមឈ្មោះរបស់លោក ឬអត់ លោក ដូណាល់ ត្រាំ បានលេីកឡេីងថា មិនមានផែនការប្ដូរឈ្មោះច្រកសមុទ្រហ័រមូស តាមឈ្មោះរបស់លោកនោះទេ។
លោកបានលើកឡើងពីគំនិត នៃការប្តូរឈ្មោះផ្លូវទឹកយុទ្ធសាស្ត្រនេះកាលពីព្រឹកថ្ងៃពុធ តិចជាងមួយសប្តាហ៍ បន្ទាប់ពីលោកបានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ដើម្បីប្តូរឈ្មោះបឹង Ontario ទៅជា “បឹងអាមេរិក” ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយប្រទេសកាណាដា ជុំវិញជម្លោះពន្ធគយ៕
ប្រែសម្រួល ឈូក បូរ៉ា
