រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្តូនី លាលែងពីតំណែងក្រោយរកឃើញកំហុស នៃការចំណាយខ្ជះខ្ជាយលើសព្វាវុធ ដែលឧបត្ថម្ភទៅឲ្យអ៊ុយក្រែន
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Hanno Pevkur បានប្រកាសលាលែងពីតំណែងបន្ទាប់ពីលេចលឺថា រដ្ឋាភិបាលទីក្រុង Tallinn បានបង់ប្រាក់ចំនួន ៧០លានអឺរ៉ូឬប្រមាណជា៨១លានដុល្លារជាមុនសម្រាប់ការបញ្ជាទិញគ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែន ដល់ក្រុមហ៊ុនដែលមិនមានកំណត់ត្រាផលិតគ្រាប់រំសេវបែបនេះ។
រឿងអាស្រូវនេះបានផ្ទុះឡើង កាលពីថ្ងៃពុធបន្ទាប់ពីកាសែត Eesti Ekspress បានរាយការណ៍អំពីលទ្ធកម្ម ដែលត្រូវបានរំខាន និងជម្លោះផ្លូវច្បាប់ដែលកើតឡើង។ នៅខែសីហា ឆ្នាំ២០២៤ទីក្រុង Tallinn បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន Datasel
ដែលបានចុះបញ្ជីនៅអ៊ីតាលី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឥណ្ឌា Neco Defense Munitions ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ
សម្រាប់អ៊ុយក្រែន។
រដ្ឋាភិបាលបានបង់ប្រាក់ជាមុនចំនួន១៥លានអឺរ៉ូ បើទោះបីជាក្រុមហ៊ុនទាំងពីរមិនមានកំណត់ត្រាពីមុននៃការផលិតគ្រាប់កាំភ្លើងធំក៏
ដោយ។កិច្ចព្រមព្រៀងលើកទីពីរបានធ្វើឡើងក្នុងខែតុលា ដោយអេស្តូនីបានចំណាយប្រាក់បន្ថែម១០លានអឺរ៉ូជាមុន។ កញ្ចប់ទីមួយនឹងទៅ
ដល់អ៊ុយក្រែនក្នុងខែវិច្ឆិកា ប៉ុន្តែ Datasel បានរាយការណ៍ពីបញ្ហា ហើយបានពន្យារពេលការដឹកជញ្ជូនម្តងហើយម្តងទៀត។
ទោះបីជាមានការបរាជ័យក៏ដោយ អេស្តូនីបានចុះហត្ថលេខាលើកិច្ចសន្យាពីរបន្ថែមទៀតជាមួយក្រុមហ៊ុន ដែលនៅទីបំផុតបាននាំមកនូវការទូទាត់ជាមុនសរុបដល់ប្រហែល៧០លានអឺរ៉ូ ។ ប្រាក់នេះបានមកពីមូលនិធិសន្តិភាពអឺរ៉ុបរបស់សហភាពអឺរ៉ុប ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីផ្តល់ថវិកាដល់សព្វាវុធ និងជំនួយយោធាផ្សេងទៀតសម្រាប់ក្រុងគៀវ។
ឥឡូវនេះ ទីក្រុងTallinn កំពុងជជែកវែកញែកលើកិច្ចសន្យា ក្នុងសំណុំរឿងមួយនៅចំពោះមុខតុលាការ អាជ្ញាកណ្តាលអឺរ៉ុបនៅទីក្រុង Strasbourg
ក្នុងការដេញថ្លៃដើម្បីទទួលបានប្រាក់ត្រឡប់មកវិញ៕
ប្រែសម្រួល៖ស៊ុនលី
