ចិនជំរុញឱ្យកូរ៉េខាងត្បូង គាំទ្រគោលការណ៍ចិនតែមួយ ជាមួយនឹងសកម្មភាពជាក់ស្តែង
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសាធារណរដ្ឋកូរ៉េ គោរពការប្តេជ្ញាចិត្តនយោបាយរបស់ខ្លួន និងគាំទ្រ គោលការណ៍ចិនតែមួយជាមួយនឹង សកម្មភាពជាក់ស្តែង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីក្រុមតាំងពិព័រណ៍ចិន បានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីពិព័រណ៍ Gwangju Biennale នៅកូរ៉េខាងត្បូង ដើម្បីតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការអនុវត្តខុសរបស់អ្នករៀបចំទាក់ទងនឹងកោះតៃវ៉ាន់។
លោកបានលេីកឡេីងថា សេចក្តីថ្លែងការណ៍រួមចិន-កូរ៉េខាងត្បូង ស្តីពីការបង្កើតទំនាក់ទំនងការទូត បានបញ្ជាក់យ៉ាងច្បាស់ថា “រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន និងគោរពជំហររបស់ប្រទេសចិនថា មានតែប្រទេសចិនតែមួយប៉ុណ្ណោះ ហើយតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន”។
អ្នកនាំពាក្យរូបនេះបន្ដថា ភាគីកូរ៉េខាងត្បូង ក៏បានបញ្ជាក់យ៉ាងច្បាស់ជាច្រើនលើកច្រើនសារនៅឆ្នាំនេះថា ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះជំហរចិនតែមួយនៅតែមិនផ្លាស់ប្តូរ។
ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំកម្មវិធី ROK Gwangju Biennale បានប្រកាន់ខ្ជាប់យ៉ាងរឹងមាំ ចំពោះការអនុវត្តខុសឆ្គង ដោយអនុញ្ញាតឱ្យតំបន់តៃវ៉ាន់ របស់ប្រទេសចិន ចូលរួមក្រោមការកំណត់ ដែលមិនស្របគ្នាទាំងស្រុងជាមួយនឹងឋានៈរបស់ខ្លួន ដោយលោក បានបន្ថែមថា នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ។
លោកបានបន្ថែមថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការចំពោះរឿងនេះ ហើយបានដាក់ពាក្យបណ្តឹងយ៉ាងធ្ងន់ធ្ងរជាមួយភាគីកូរ៉េខាងត្បូង ដោយទាមទារឱ្យភាគីពាក់ព័ន្ធកែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា
