ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ ដាក់ការស៊ើបអង្កេតការវាយប្រហារ លើពិធីមង្គលការមួយ​ នៅក្នុងប្រទេសអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance បានឧ្យដឹងថា សហរដ្ឋអាមេរិក​ កំពុងស៊ើបអង្កេតការវាយប្រហារមួយ​ ដែលទីក្រុងតេអេរ៉ង់អះអាងថា បានវាយប្រហារពិធីមង្គលការមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយបន្តការត្រួតពិនិត្យឡើងវិញលើការស្លាប់ និងរបួសរបស់ជនស៊ីវិលពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក​ នៅក្នុងប្រទេសមជ្ឈិមបូព៌ា។

លោក​ បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា​ “យើងកំពុងស៊ើបអង្កេតវា ពីព្រោះជាក់ស្តែងយើងយកចិត្តទុកដាក់​ យើងចង់ដឹង”។

លោកបានលេីកឡេីងថា​ “ប្រសិនបើយើងធ្វើខុស ជាថ្មីម្តងទៀត នេះគឺជាភាពខុសគ្នាដ៏ធំមួយរវាងយើង និងអ៊ីរ៉ង់ នៅពេលដែលយោធារបស់យើងធ្វើខុស ពួកគេរៀនពីកំហុសទាំងនោះ ដើម្បីព្យាយាមកែលម្អពីកំហុសទាំងនោះ”។

អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Tim Hawkins បានឧ្យដឹងកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិក​ កំពុងស៊ើបអង្កេតរបាយការណ៍នៃការវាយប្រហារលើពិធីមង្គលការ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់​ បានរាយការណ៍កាលពីថ្ងៃពុធថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក​ នៅយប់ថ្ងៃអង្គារបានវាយប្រហារពិធីមង្គលការមួយនៅក្នុងស្រុកស៊ីរីក ក្នុងខេត្តហ័រម៉ូសហ្គាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់​ ៤នាក់ និងរបួស ៦៨នាក់ផ្សេងទៀត។

យោងតាមរបាយការណ៍ មីស៊ីល របស់សហរដ្ឋអាមេរិក​ មួយគ្រាប់បានវាយប្រហារផ្ទះមួយកន្លែង ដែលមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នាសម្រាប់ពិធីមង្គលការរបស់កូនស្រីអ្នកនេសាទម្នាក់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top