ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ បោះឆ្នោតគាំទ្រ ការប្រើប្រាស់ផែនទីពិភពលោកថ្មី ដែលបង្ហាញពីទំហំពិត ប្រាកដរបស់ទ្វីបអាហ្វ្រិក

សមាជិកអង្គការសហប្រជាជាតិ (UN) ជាង ១៦០ ប្រទេស បានបោះឆ្នោតគាំទ្រដំណោះស្រាយ មួយក្នុងមហាសន្និបាត ដើម្បីបញ្ឈប់ការប្រើប្រាស់ផែនទី ពិភពលោកបុរាណ ដែលមានអាយុកាលជិត ៥០០ ឆ្នាំ ហើយផ្លាស់មកប្រើ ប្រាស់ផែនទីគំរូថ្មី ដែលបង្ហាញពីទំហំពិតប្រាកដនៃទ្វីបអាហ្វ្រិក នេះបើយយោងតាម សារព័ត៌មាន Sky News ។

ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានយុទ្ធនាការពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដើម្បីកាត់បន្ថយការប្រើ ប្រាស់ផែនទីបែប “Mercator” ដែលបង្កើតឡើងតាំងពីសតវត្សរ៍ទី ១៦។ ផែនទីចាស់នេះបានបង្វែរ និងផ្ទុយពីទំហំពិតនៃផ្ទៃដី ដោយពង្រីកទំហំប្រទេស ឬទ្វីបណាដែលនៅជិតប៉ូលផែនដី។ កត្តានេះធ្វើឱ្យកោះ Greenland មើលទៅមានទំហំប៉ុនទ្វីបអាហ្វ្រិក ទាំងដែលការពិត ទ្វីបអាហ្វ្រិកមានទំហំធំជាងកោះ Greenland រហូតដល់ទៅ ១៤ ដង។

នៅក្នុងការបោះឆ្នោតនៃមហាសន្និបាត UN មានប្រជាជាតិចំនួន ១៦៤ បានបោះឆ្នោតគាំទ្រ ១ ប្រទេសបោះឆ្នោតប្រឆាំង និង ៦ ប្រទេសអនុបវាទ។ ដំណោះស្រាយនេះជំរុញឱ្យមានការប្រើប្រាស់ផែនទីគំរូ “Equal Earth” (បង្កើតឡើងក្នុងឆ្នាំ ២០១៨) ដែលបង្ហាញទំហំទ្វីបនានាបានត្រឹមត្រូវជាងមុន។

សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលបានបោះឆ្នោតប្រឆាំង ដោយបានថ្លែងថា ដំណោះស្រាយនេះកំពុងរុញច្រាន “របៀបវារៈមនោគមវិជ្ជា” និងជាការរំខានដល់ “បញ្ហានានាដែលទាក់ទងនឹងសន្តិភាព ភាពស្បុរស្តម្ភ និងទំនាក់ទំនងល្អជាអន្តរជាតិ”។

ប្រទេសតូហ្គោ (Togo) គឺជាអ្នកដឹកនាំគំនិតផ្ដួចផ្ដើមនេះក្នុងសម័្ពន្ធអាហ្វ្រិក (African Union)។ លោក Robert Dussey រដ្ឋមន្ត្រីការបរទេសតូហ្គោ បានថ្លែងថា៖ «ពិភពលោកដែលមានយុត្តិធម៌ ត្រូវចាប់ផ្តើមចេញពីផែនទីដែលមានយុត្តិធម៌»។ លោកបានបន្ថែមថា ផែនទី Equal Earth ផ្តល់នូវការមើលឃើញពិភពលោកបានច្បាស់លាស់ និងត្រឹមត្រូវបំផុត ហើយប្រទេសរបស់លោកនឹងបន្តជំរុញឱ្យរដ្ឋាភិបាល សាលារៀន អង្គការអន្តរជាតិ និងក្រុមហ៊ុនបច្ចេកវិទ្យានានា បញ្ឈប់ការប្រើប្រាស់ផែនទី Mercator ដែលបង្កើតឡើងតាំងពីឆ្នាំ ១៥៦៩។

ផែនទី Mercator ត្រូវ បាន បង្កើត ឡើង ដោយ អ្នក ធ្វើ ផែនទី ជនជាតិ ហ្វ្លាម៉ង់ (Flemish) លោក Gerardus Mercator ដើម្បី ជួយ អ្នក នាវាចរណ៍ ក្នុងការ តម្រង់ ទិស លើ សមុទ្រ។ ក្រសួងការបរទេសតូហ្គោបានបញ្ជាក់ថា ដំណោះស្រាយរបស់ UN នេះ មិនមែនជាច្បាប់ចាប់បង្ខំនោះទេ ហើយក៏មិនបានហាមឃាត់ការប្រើប្រាស់ផែនទី Mercator សម្រាប់ការធ្វើនាវាចរណ៍តាមសមុទ្រ ឬតាមអាកាសនោះដែរ។

ប្រទេសតូហ្គោ នឹងក្លាយជាប្រទេសដំបូងគេដែលផ្លាស់ប្តូរសៀវភៅពុម្ពភូមិវិទ្យារបស់ខ្លួននៅក្នុងថ្នាក់រៀន ដើម្បីធ្វើជាគំរូដល់ប្រទេសផ្សេងទៀត។ រដ្ឋមន្ត្រីរូបនេះបានភ្ជាប់យុទ្ធនាការផ្លាស់ប្តូរផែនទីនេះ ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ទ្វីបអាហ្វ្រិកក្នុងការប្រឈមមុខនឹងមរតកពីសម័យអាណានិគម ដោយលោកបានកត់សម្គាល់ថា ការប្រៀបធៀបទំហំខុសគ្នានៃផែនទីចាស់គឺជាផលវិបាកនៃសម័យអាណានិគម ប៉ុន្តែលោកបញ្ជាក់ថា នេះមិនមែនជាការវាយប្រហារលើអឺរ៉ុប ឬអារ្យធម៌ណាមួយឡើយ។

ប្រែសម្រួលដោយ៖ គីរី

To Top