វៀតណាម ផ្តល់ជំនួយមនុស្សធម៌ បន្ទាន់ចំនួន ៣០ ម៉ឺនដុល្លារ ដល់ប្រទេសនេប៉ាល់ ដើម្បីជួយស្តារឡើងវិញ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់
VN Express បានចេញផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា រដ្ឋាភិបាលវៀតណាម បានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ៣០០ ០០០ ដុល្លារអាមេរិក (៣០ ម៉ឺនដុល្លារ) ដល់ប្រទេសនេប៉ាល់ ដើម្បីជួយស្តារឡើងវិញ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់ឆាប់រហ័ស យ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សអស់ជាង ១ ៣០០ នាក់ កាលពីសប្តាហ៍មុន។
ក្រសួងការបរទេសវៀតណាមបានប្រកាសកាលពីថ្ងៃសុក្រថា ជំនួយនេះស្តែងឱ្យឃើញពី ចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងការជួយជ្រោមជ្រែងទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ដើម្បីជួយរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ឱ្យជែកផុតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃគ្រោះធម្មជាតិនេះ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ២៦ ខែសីហា នៅពេលដែលផ្ទាំងទឹកកកដ៏ធំមួយបានបាក់ធ្លាក់ពីភ្នំ Langtang Lirung ក្នុងប្រទេសនេប៉ាល់ (ជិតព្រំដែនទីបេ) បង្កឱ្យកើតជាទឹកជំនន់ឆាប់រហ័សយ៉ាងខ្លាំងក្លា និងបន្សល់ទុកនូវភក់ជ្រាំ និងបំណែកបាក់បែកយ៉ាងសន្ធឹកសន្ធាប់នៅតំបន់ខាងក្រោម។
ចំនួនអ្នកស្លាប់ និងរបួសនៅតំបន់ព្រំដែនទីបេ-នេប៉ាល់ បានកើនឡើងផុត ១ ៣០០ នាក់ ខណៈមនុស្សជាង ៥ ៦០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយក្នុងនោះការខូចខាត និងការបាត់បង់ជីវិតភាគច្រើនបានកើតឡើងនៅក្នុងប្រទេសនេប៉ាល់។ ថ្នាក់ដឹកនាំវៀតណាមក៏បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះភាគីនេប៉ាល់ និងចិន កាលពីថ្ងៃទី ២៧ ខែសីហា ផងដែរ។
បច្ចុប្បន្ន ប្រទេសនេប៉ាល់កំពុងប្រឈមមុខនឹងការស្តារឡើងវិញយ៉ាងលំបាក។ លោក Dharma Raj Upreti នាយកអាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ បានឱ្យដឹងថា អាជ្ញាធរត្រូវកសាងផ្ទះឡើងវិញប្រមាណ ២០ ០០០ ខ្នង នៅក្នុងតំបន់រងគ្រោះ។
រដ្ឋាភិបាលនេប៉ាល់ប៉ាន់ប្រមាណថា ខ្លួននឹងត្រូវចំណាយប្រាក់ប្រហែល ៥២.៦ លានដុល្លារ ក្នុងដំណាក់កាលស្តារឡើងវិញរយៈពេល ៤ ខែដំបូង ដើម្បីជួសជុលផ្លូវថ្នល់ ដំឡើងជម្រកបណ្តោះអាសន្ន ផ្គត់ផ្គង់ទឹកស្អាត និងស្តារសេវាអគ្គិសនីឡើងវិញ។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ (UN) ក៏បានអំពាវនាវស្វែងរកជំនួយបន្ទាន់ចំនួន ៥០ លានដុល្លារ ដើម្បីជួយសង្គ្រោះប្រជាជនដែលភៀសខ្លួន និងរងផលប៉ះពាល់ជាង ៨៤ ០០០ នាក់នៅទូទាំងប្រទេសនេប៉ាល់ផងដែរ។
ប្រែសម្រួលដោយ៖ គីរី
