លោក ស៊ី ជិនពីង គ្រោងធ្វើដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ជាមួយនាយកប្រតិបត្តិ នៃក្រុមហ៊ុនឯកជនជាច្រើនរូប
ប្រភពព័ត៌មានចំនួនពីរបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងរៀបចំប្រតិភូធុរកិច្ចដ៏ធំមួយឱ្យអមដំណើររូបលោក ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ នេះត្រូវបានគេមើលឃើញថាជាបោះជំហានខុសប្លែកពីធម្មតា ខណៈដែលសហរដ្ឋអាមេរិក នៅតែមានមន្ទិលសង្ស័យលើការវិនិយោគរបស់ចិន ហើយទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវិស័យឯកជនក្នុងស្រុកនៅមានភាពតានតឹងនៅឡើយ។
ជាទូទៅ លោក ស៊ី ជិនពីង កម្រធ្វើដំណើរទៅក្រៅប្រទេសជាមួយនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនឯកជនណាស់ បន្ទាប់ពីអាជ្ញាធរចិនបានចាប់ផ្តើមរៀបចំការរឹតបន្តឹងផ្នែកផ្លូវច្បាប់លើវិស័យបច្ចេកវិទ្យា អប់រំ និងអចលនទ្រព្យកាលពីឆ្នាំ ២០២០ កន្លងទៅ។
មន្ត្រីអាមេរិកម្នាក់បានថ្លែងថា៖ «សេតវិមានមិនទាន់ទទួលបានព័ត៌មាន ឬតាមដានការមកដល់នៃប្រតិភូ CEO ចិននៅឡើយទេ» ប៉ុន្តែសេតវិមានមិនបានបញ្ជាក់លម្អិតអំពីអត្ថន័យនៃពាក្យថា «តាមដាន» នោះទេ។
គម្រោងរៀបចំប្រតិភូធុរកិច្ចសម្រាប់ជំនួបកំពូលនាថ្ងៃទី ២៤ ខែកញ្ញានេះ មិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកនោះទេ ហើយភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនទាន់អាចបញ្ជាក់បានថានាយកប្រតិបត្តិរូបណាខ្លះនឹងរួមដំណើរក្នុងប្រតិភូនេះដែរ។
ប្រភពដែលជិតស្និទ្ធនឹងការពិភាក្សានេះ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីឆន្ទៈរបស់ចិន ក្នុងការគាំទ្រការវិនិយោគ និងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ព្រមទាំងផ្តល់ឱកាសសេដ្ឋកិច្ចមួយចំនួនដល់សេតវិមាន មុនពេលការបោះឆ្នោត ពាក់កណ្តាលអាណត្តិចូលមកដល់ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន កំពុងប្រឈមមុខនឹងការពិនិត្យ តាមដានយ៉ាងម៉ត់ចត់កាន់តែខ្លាំងឡើង លើប្រតិបត្តិការអាជីវកម្ម និងការវិនិយោគ របស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក។
ប្រែសម្រួលដោយ៖ គីរី
