មនុស្សស្លាប់ជាង ៤០នាក់ និងបាត់ខ្លួនជាង ៥០០នាក់ ក្នុងហេតុការណ៍រអិលបាក់ដី នៅព្រំដែនកំពង់ផែ ក្នុងតំបន់ Xizang ប្រទេសចិន
ប៉េកាំង៖ មនុស្សចំនួន ៤៣ នាក់ត្រូវបានបញ្ជាក់ថា ស្លាប់ និង ៥១៩ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីមានគ្រោះរអិលបាក់ដី បានវាយប្រហារកំពង់ផែ Gyirong នៅតាមព្រំដែនចិន-នេប៉ាល់ ក្នុងតំបន់ស្វយ័ត Xizang ភាគនិរតីប្រទេសចិន កាលពីថ្ងៃទី ២៦ ខែសីហា នេះបើយោងតាមការ លើកឡើងរបស់អាជ្ញាធរឆ្លើយតប និងជួយសង្គ្រោះក្នុងស្រុក។
មន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលមានអ្នកសារព័ត៌មានក្នុងស្រុក និងបរទេសចូលរួមថា សរុបមានជនបរទេសចំនួន ២៦១ នាក់មកពី ២៣ ប្រទេសត្រូវបានកំណត់ថាស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។
សន្និសីទសារព័ត៌មាននេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយបរទេសបានទៅទស្សនាកន្លែងរអិលបាក់ដីនៅកំពង់ផែ Gyirong កាលពីចុងសប្តាហ៍នេះ។
ប្រទេសចិន បានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដ៏ធំមួយ បន្ទាប់ពីការរអិលបាក់ដីដ៏សាហាវ ដែលបណ្តាលមកពីការដួលរលំផ្ទាំងទឹកកក នៅរយៈកម្ពស់ខ្ពស់ នៅប្រទេសនេប៉ាល់។
ប្រទេសចិន បានដាក់ពង្រាយមនុស្ស ជាង ២៥០០ នាក់ និងយានយន្តជាង ៥០០ គ្រឿង ដើម្បីចូលរួមប្រតិបត្តិការ ជួយសង្គ្រោះ។ យន្តហោះគ្មានមនុស្សបើក បានធ្វើការហោះហើរជាង ១០០០ ជើង ហើយសម្ភារៈផ្គត់ផ្គង់ចំនួន ៥,៤៣ តោនត្រូវបានទម្លាក់តាមអាកាស ។
អាជ្ញាធរមូលដ្ឋានបានផ្តល់ ជំនួយដល់ប្រជាជន នេប៉ាល់ចំនួន ១.៧២០ នាក់នៅតាមព្រំដែននៅ Gyirong។ ជនជាតិនេប៉ាល់ ជាច្រើនដែលធ្វើការ ឬធ្វើអាជីវកម្មនៅ Gyirong បានជាប់គាំងនៅទីនោះ បន្ទាប់ពីការរអិលបាក់ដី បានបំផ្លាញកំពង់ផែព្រំដែន ដែលជាធម្មតាពួកគេចូល និងចាកចេញពីប្រទេសចិន ៕
