ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋានចំនួន៦ នៅប្រទេសឥណ្ឌូនេស៊ី ត្រូវផ្អាកប្រតិបត្តិការហោះហើរ ដោយសារតែការផ្ទុះភ្នំភ្លើង Anak Krakatau

បរទេស៖ ការផ្ទុះភ្នំភ្លើង Anak Krakatau របស់ប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឱ្យអាកាសយានដ្ឋានចំនួន៦ ត្រូវផ្អាកប្រតិបត្តិការហោះហើរ នៅថ្ងៃអាទិត្យ ដែលប៉ះពាល់ដល់ជើងហោះហើរ រាប់រយនៅអាកាសយានដ្ឋាន សំខាន់របស់ទីក្រុងហ្សាកាតា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ថា អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta បានផ្អាកប្រតិបត្តិការហោះហើររហូតដល់ម៉ោង ១៖៣០នាទី រសៀល ដោយសារតែផេះភ្នំភ្លើង នេះបើយោងតាមការបង្ហោះនៅលើ Instagram របស់អាកាសយានដ្ឋាន ដែលធ្វើឱ្យអ្នកដំណើររាប់ រយនាក់ជាប់គាំងនៅកន្លែងនោះ។

ការផ្អាកនេះបានប៉ះពាល់ដល់ជើងហោះហើរចំនួន ៣០១ រួមទាំងជើងហោះហើរអន្តរជាតិចំនួន ៥៨, នេះបើយោងតាមប្រតិបត្តិករអាកាសយានដ្ឋាន Angkasa Pura បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរទៅ និងមកពីទីក្រុងហ្សាកាតាសម្រាប់រយៈពេលដែលនៅសល់។

សូមជម្រាបថា ភ្នំភ្លើង Anak Krakatau ដែលស្ថិតនៅប្រហែល ពាក់កណ្តាលរវាងកោះជ្វា និងកោះស៊ូម៉ាត្រា នៅក្នុងខ្សែសង្វាក់កោះដ៏ធំរបស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងចាប់ តាំងពីយប់ថ្ងៃសុក្រ ដោយផេះភ្នំភ្លើងត្រូវបានរកឃើញ នៅអាកាសយានដ្ឋាននៅព្រឹកថ្ងៃអាទិត្យ, នេះបើយោងតាមក្រសួង ដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី។
ប្រែសម្រួលៈ ណៃ តុលា

To Top