ព័ត៌មានអន្តរជាតិ

លោក Zelensky និយាយថាជំនួបសាជាថ្មី ជាមួយប្រេសិតពិសេសអាមេរិក ពិតជាមានសារៈសំខាន់ខ្លាំងបំផុត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky
បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សាជាមួយបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner
គឺពិតជាមានសារសំខាន់ណាស់។

លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយថា ភាគីទាំងពីរបានពិភាក្សាគ្នាឡើងវិញ អំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ការធានាសន្តិសុខ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន និងកញ្ចប់ជំនួយសម្រាប់រដូវរងារផង។

លោក Zelensky បាននិយាយថា ៖ យើងកំពុងពឹងផ្អែកយ៉ាងខ្លាំង លើការការពារដែនអាកាស និងការគាំទ្រថាមពល ហើយយើងកំពុងពឹងផ្អែកលើ បរិមាណដ៏ធ្ងន់ធ្ងរ និងលទ្ធភាព នៃការប្រើប្រាស់ LNG របស់អាមេរិក។

លោក Zelensky បាននិយាយថា តំណាងមកពីបណ្តាប្រទេសអឺរ៉ុប រួមទាំងអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចូលរួមការពិភាក្សារបស់ពួកគេនៅជុំទីបី ដោយបន្ថែមថាភាគីទាំងបី បានយល់ព្រមជួបប្រជុំគ្នា នាពេលខាងមុខ ដើម្បីបន្តការចរចា។

លោកក៏បានសង្កត់ធ្ងន់ថាកិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការដើម្បីស្តារឡើងវិញនូវកិច្ចចរចាត្រីភាគីរវាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងគោលបំណង បញ្ចប់ជម្លោះនាពេលខាងមុខផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top