ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងវិនិយោគ ២២.៣ ពាន់លានដុល្លារ ក្នុងរោងចក្រថាមពលឧស្ម័ន នៅរដ្ឋតិចសាស់

សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា បានឯកភាពលើទំហំវិនិយោគប្រមាណ ២២.៣ ពាន់លានដុល្លារ សម្រាប់គម្រោងរោងចក្រថាមពលប្រើឧស្ម័នធម្មជាតិនៅទីក្រុង Encinal រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ។

គម្រោងនេះគ្រោងផលិតអគ្គិសនីប្រមាណ ៦.៣ ជីហ្គាវ៉ាត់ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលកើនឡើង ជាពិសេសពីមជ្ឈមណ្ឌលទិន្នន័យ AI។

នេះអាចក្លាយជាការវិនិយោគធំដំបូងរបស់កូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថា ការចរចានៅមិនទាន់បញ្ចប់ ហើយព័ត៌មានមួយចំនួនអំពីគម្រោងនេះមិនត្រឹមត្រូវទេ។ ការសម្រេចចុងក្រោយនៅត្រូវឆ្លងកាត់នីតិវិធីរបស់សភា និងការប្រកាសជាផ្លូវការ។

ប្រែសម្រួលដោយ៖ គីរី

To Top