កូរ៉េខាងជើង ព្រមានចាត់វិធានការ តបតយ៉ាងខ្លាំងក្លា ប្រឆាំងនឹងចលនាប្រឈមមុខដាក់គ្នា របស់សហរដ្ឋអាមេរិក
ព្យុងយ៉ាង៖ លោក គីម សុង ជី រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង បានព្រមានថា ប្រទេសរបស់លោក នឹងចាត់វិធានការតបតយ៉ាងខ្លាំងក្លា ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនព្យាយាមញុះញង់ ឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធាថ្មីមួយ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានដែលចេញផ្សាយដោយ KCNA ប្រមុខការពារជាតិកូរ៉េខាងជើង បានធ្វើការកត់សម្គាល់អំពីសមយុទ្ធយោធារួមគ្នា Freedom Edge ដែលកំពុងបន្តដោយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
លោកក៏បានចោទប្រកាន់យោធាអាមេរិកថាមានគម្រោងធ្វើសមយុទ្ធ Orient Shield ដែលជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានជាមួយជប៉ុន និងអូស្ត្រាលី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែកញ្ញា។
ដោយកត់សម្គាល់ថា “ប្រព័ន្ធសហប្រតិបត្តិការយោធាត្រីភាគីអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង កំពុងត្រូវបានផ្លាស់ប្តូរទៅជាអង្គភាពវាយលុកដ៏គ្រោះថ្នាក់” លោក បានសង្កត់ធ្ងន់ថា បាតុកម្មសង្គ្រាមដឹកនាំដោយសហរដ្ឋអាមេរិក កំពុងត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ និងជំរុញអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងហួសពីតំបន់ដល់កម្រិតកំណត់។
មន្ត្រីយោធាកូរ៉េខាងជើង បានថ្កោលទោសអ្វីដែលលោកហៅថា “ចលនាយោធាដែលមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងប្រទេសផ្កាយរណបរបស់ខ្លួន ដើម្បីបង្កើតការប្រឈមមុខដាក់គ្នាខាងយោធាដ៏ធ្ងន់ធ្ងរ និងលទ្ធភាពនៃជម្លោះនៅលើឧបទ្វីបកូរ៉េ” ហើយបានបន្លឺសំឡេងព្រមានប្រឆាំងនឹងផលវិបាកដែលនឹងកើតឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
