ព័ត៌មានអន្តរជាតិ

​ អឺរ៉ុប​ មិនគួរផ្តល់ដោយមិនទទួលបានអ្វីមកវិញ នៅក្នុងកិច្ចព្រមព្រៀង សន្តិភាពអ៊ុយក្រែននោះទេ

វីនីញូស៖​ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប​ បានឧ្យដឹងថា​ អឺរ៉ុបមិនគួរផ្តល់ដោយមិនទទួលបានអ្វីមកវិញ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព នាពេលអនាគតរវាងរុស្ស៊ី និង អ៊ុយក្រែននោះទេ ដោយសង្កត់ធ្ងន់ថា ការដោះស្រាយសន្តិភាព ណាមួយក៏នឹងពាក់ព័ន្ធនឹងការ ប្តេជ្ញាចិត្តពីអឺរ៉ុបផងដែរ។

លោកស្រី Kallas បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី បន្ទាប់ពីអ្នកចរចាអាមេរិកលោក Steve Witkoff និងលោក​Jared Kushner បានទៅទស្សនាទីក្រុងមូស្គូ និងទីក្រុងគៀវ​ កាលពីចុងសប្តាហ៍ ក្នុងផ្លូវការទូតឡើងវិញ​ ដើម្បីបញ្ចប់សង្គ្រាម។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីលីទុយអានី Mindaugas Sinkevicius លោកស្រី Kallas ត្រូវបានសួរថាតើការចរចាចុងសប្តាហ៍នេះបាននាំមកនូវសន្តិភាពកាន់តែខិតជិតមកដល់ដែរឬទេ ហើយតើកិច្ចប្រជុំកំពូលត្រីភាគី​ ដែលអាចធ្វើទៅបានដោយគ្មានអាសនៈអឺរ៉ុប​ នឹងមានន័យយ៉ាងណា​ ចំពោះសមត្ថភាពរបស់អឺរ៉ុបក្នុងការកំណត់លទ្ធផល។ លោកស្រីបានលេីកឡេីងថា រុស្ស៊ី និងអ៊ុយក្រែននៅទីបំផុតត្រូវការនិយាយគ្នាដោយផ្ទាល់។

លោកស្រីបានគូសបញ្ជាក់ថា​ «នៅខាងអឺរ៉ុប វាច្បាស់ណាស់ថា​ យើងមិនអាចធ្វើជាអ្នកសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែនបាននោះទេ។ ពួកគេត្រូវបន្ដជជែកគ្នា យើងតែងតែនៅខាងអ៊ុយក្រែន ដូច្នេះយើងមិនអព្យាក្រឹតក្នុងស្ថានភាពនេះទេ»។

លោកស្រីបានបន្ដថា កិច្ចព្រមព្រៀងសន្តិភាពណាមួយនៅទីបំផុតក៏នឹងពាក់ព័ន្ធនឹង «ការស្នើសុំជាច្រើនពីអឺរ៉ុប» ដោយបន្ថែមថា ទាំងនេះមិនមែនជារឿង​ ដែលអឺរ៉ុបគួរផ្តល់ឱ្យ «ដោយមិនទទួលបានអ្វីមកវិញ» នោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top