ព័ត៌មានអន្តរជាតិ

​ ហ្វាំងឡង់​ បញ្ចប់ការសាងសង់ របងព្រំដែនប្រវែង ២០០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនរុស្ស៊ី

ហេលស៊ីនគី៖ ប្រទេសហ្វាំងឡង់ បានប្រារព្ធពិធីបញ្ចប់ការសាងសង់ របងរបាំងប្រវែង​ ២០០ គីឡូម៉ែត្រតាមបណ្តោយផ្នែកខ្លះ នៃព្រំដែនរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Mari Rantanen បានឧ្យដឹងថា ផ្នែកបន្ថែមទៀត អាចត្រូវបានសាងសង់ នាពេលអនាគតប្រសិនបើចាំបាច់ ។

របងនេះមានផ្នែកដាច់ដោយឡែករាប់សិបតាមបណ្តោយព្រំដែនជាង ១៣០០គីឡូម៉ែត្ររបស់ប្រទេសហ្វាំងឡង់​ ជាមួយប្រទេសរុស្ស៊ី ដោយរបងភាគច្រើនប្រមូលផ្តុំនៅភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ និងផ្នែកតូចៗនៅភាគខាងជើងឆ្ងាយ។

ផ្នែកទាំងនេះត្រូវបានសាងសង់នៅក្នុងតំបន់ដែលតម្រូវការប្រតិបត្តិការត្រូវបានវាយតម្លៃថាធំបំផុត ហើយការសាងសង់ត្រូវបានចាត់ទុកថា​ មានប្រសិទ្ធភាពចំណាយ នេះបើយោងតាមឆ្មាំព្រំដែនហ្វាំងឡង់។

គម្រោងនេះរួមមានរបងកម្ពស់ ៤.៥ម៉ែត្រ ប្រព័ន្ធឃ្លាំមើលបច្ចេកទេស បណ្តាញផ្លូវ និងតំបន់ដែលមានទទឹង ២៥ម៉ែត្រ។ ឆ្មាំព្រំដែនបានឧ្យដឹងថា តម្លៃប៉ាន់ស្មានរបស់វាគឺ ៣៥៦លានអឺរ៉ូ ស្មេីនឹង​ ៤១៣លានដុល្លារអាមេរិក។

ក្រុម​សភា​ហ្វាំងឡង់​ បាន​ព្រមព្រៀង​គ្នា​ក្នុង​ខែតុលា ឆ្នាំ២០២២ ដើម្បី​គាំទ្រ​ការ​សាងសង់​របង​របាំង​តាម​បណ្តោយ​ផ្នែក​ខ្លះ​នៃ​ព្រំដែន​ភាគ​ខាងកើត។ ផ្នែក​សាកល្បង​ត្រូវ​បាន​សាងសង់​ក្នុង​ឆ្នាំ២០២៣ ខណៈ​ដែល​ការ​សាងសង់​សំខាន់​បាន​ធ្វើ​ឡើង​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៦៕

To Top