ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានកូរ៉េខាងត្បូង​ ប្រឆាំងនឹងការចូលរួមផ្នែកយោធា នៅក្នុងច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានព្រមានកូរ៉េខាងត្បូង​ ប្រឆាំងនឹងការរក្សាវត្តមានយោធា ឬចូលរួមក្នុងប្រតិបត្តិការនៅក្នុងច្រកសមុទ្រហ័រមូស។

លោក Baghaei បានចេញការព្រមាននេះនៅក្នុងសារមួយនៅលើ X បន្ទាប់ពីទីក្រុងសេអ៊ូលបានឧ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនកំពុងពិនិត្យឡើងវិញនូវជម្រើស រួមទាំងវិធានការយោធា ដើម្បីគាំទ្រ “សេរីភាពនៃការធ្វើនាវាចរណ៍” នៅក្នុងច្រកសមុទ្រហ័រមូស។

លោកបានលេីកឡេីងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូងមានប្រវត្តិជាង ៦៤ឆ្នាំ ហើយថា ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍជាប់លាប់ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ខណៈពេលដែលអ៊ីរ៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំង​ ចំពោះទំនាក់ទំនងមិត្តភាពរបស់ខ្លួនជាមួយកូរ៉េខាងត្បូង។ ក្នុងនោះលោកបានកត់សម្គាល់ថា ប្រជាជនអ៊ីរ៉ង់​ បច្ចុប្បន្នកំពុងការពារខ្លួនប្រឆាំងនឹង “សកម្មភាពឈ្លានពាន” របស់សហរដ្ឋអាមេរិក។

លោកបានបន្ដថា «នៅពេលដែលប្រជាជនអ៊ីរ៉ង់​ កំពុងឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ ចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់អាមេរិកប្រឆាំងនឹងស្ត្រី និងកុមារ ប្រទេសដទៃទៀត​ ដែលរក្សាវត្តមានយោធា ឬចូលរួមក្នុងប្រតិបត្តិការនៅឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូស អាចត្រូវបានចាត់ទុកថា​ ជាការគាំទ្រដោយផ្ទាល់ដល់ជនល្មើសនៃការឈ្លានពាន ហើយវានឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top