ចិន ជំរុញឱ្យជប៉ុនបំផ្លាញអាវុធគីមីរបស់ខ្លួន ដែលត្រូវបានបោះបង់ចោល នៅក្នុងប្រទេសចិន ឱ្យបានហ្មត់ចត់
ប៉េកាំង៖ គណៈប្រតិភូមួយមកពីអង្គការហាមឃាត់អាវុធគីមី (OPCW) បានជំរុញឱ្យជប៉ុនបំផ្លាញអាវុធគីមី (ACW) របស់ខ្លួនចោលទាំងស្រុង និងហ្មត់ចត់នៅក្នុងប្រទេសចិន ដោយមិនមានការពន្យារពេលបន្ថែមទៀត នេះបើយោងតាមក្រសួងការបរទេសចិននៅថ្ងៃចន្ទ។
លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អគ្គនាយកនៃ OPCW ប្រធានក្រុមប្រឹក្សាប្រតិបត្តិ ក៏ដូចជាតំណាងអចិន្ត្រៃយ៍ និងអ្នកការទូតជាន់ខ្ពស់មកពី ១២ប្រទេសប្រចាំ OPCW បានធ្វើទស្សនកិច្ចប្រទេសចិនតាមការអញ្ជើញចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ពួកគេបានធ្វើដំណើរទៅកាន់ Hunchun, Dunhua និង Haerbaling ក្នុងខេត្ត Jilin ភាគឦសានប្រទេសចិន ដើម្បីត្រួតពិនិត្យការជីកកកាយ ការសង្គ្រោះ និងការបំផ្លាញ ACW របស់ជប៉ុន។
ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ ស្របពេលជាមួយនឹងការរំលឹកខួបប្រចាំឆ្នាំរបស់ប្រទេសចិន នៃជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក លោកស្រី ម៉ៅ បានលេីកឡេីងថា ការឈ្លានពានរបស់យោធានិយមរបស់ជប៉ុន បានបង្កគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធំធេងដល់ប្រទេសចិន និងបានបន្សល់ទុកនូវការគំរាមកំហែងរបស់អាវុធគីមី ACWs។
លោកបានបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយ ACWs របស់ជប៉ុន ចំពោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនចិន និងចំពោះបរិស្ថានអេកូឡូស៊ីរបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
