Feature

រុស្ស៊ីចាប់ផ្តើមវាយប្រហារលើគោលដៅយោធាក្នុងក្រុងកៀវឡើងវិញ

​បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើទីតាំងផលិតដ្រូន មីស៊ីល និងមជ្ឈមណ្ឌលភស្តុភារយោធានៅក្នុងរដ្ឋធានីកៀវ (Kiev) ប្រទេសអ៊ុយក្រែន។

តាមប្រភពព័ត៌មាន RT News ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៦បាននិយាយថា ការវាយប្រហារនេះបានធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងផ្អាកការវាយប្រហាររយៈពេល ៣ ថ្ងៃលើគោលដៅយោធាក្នុងរដ្ឋធានីអ៊ុយក្រែន ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) គឺលោក Steve Witkoff និងលោក Jared Kushner មកកាន់ទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ត្រូវបានផុតកំណត់។

​យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះ ការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់នេះ បានប្រើប្រាស់អាវុធប្រហារចំគោលដៅច្បាស់លាស់ (Precision weapons) ចេញពីផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ព្រមទាំងដ្រូនប្រយុទ្ធរយៈចម្ងាយឆ្ងាយផងដែរ។

​ទីតាំងសំខាន់ៗដែលរងការវាយប្រហារ រួមាន គ្រឹះស្ថានឧស្សាហកម្មការពារជាតិអ៊ុយក្រែន ទីតាំងផលិត និងឃ្លាំងស្តុកទុកដ្រូន ព្រមទាំងមីស៊ីលគ្រូស រោងចក្រវិទ្យុទីក្រុងកៀវ រោងចក្រអាវុធ រោងចក្រផលិតដ្រូន និង មជ្ឈមណ្ឌលភស្តុភារ ។

ប្រែសម្រួល៖ គីរី

To Top