ព័ត៌មានអន្តរជាតិ

​ លេចធ្លាយសារធាតុគីមី​ នៅរោងចក្រភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា​ ពលរដ្ឋជុំវិញរោងចក្រត្រូវបានជម្លៀសចេញ

ឡូសអាន់ជឺឡេស៖ ក្រុមសង្គ្រោះបន្ទាន់បានឆ្លើយតបនៅថ្ងៃអង្គារ​ ចំពោះការលេចធ្លាយសារធាតុគីមី​ នៅរោងចក្រមួយក្នុងទីក្រុងឡាហាប្រា ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដែលបានជំរុញឱ្យប្រជាជននៅក្បែរនោះ ស្វែងរកកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ននៅនឹងកន្លែង។

ហេតុការណ៍នេះត្រូវបានរាយការណ៍នៅម៉ោង ១១​ និង​ ៥៣ព្រឹកថ្ងៃអង្គារ​ នៅក្នុងប្លុក ៥០០​ នៃផ្លូវ South Cypress នៃទីក្រុងឡាហាប្រា។ ក្រុមពន្លត់អគ្គីភ័យ ដែលឆ្លើយតបបានរកឃើញរោងចក្រផលិតគីមីឧស្សាហកម្មមួយ​ ដែលមានផ្សែងពណ៌ទឹកក្រូចហុយចេញពីដំបូល នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យខោនធីឡូសអាន់ជឺឡេស។

យោងតាមនាយកដ្ឋាន តំបន់ជម្លៀសចម្ងាយ ១.៦គីឡូម៉ែត្រ​ ត្រូវបានបង្កើតឡើងនៅជុំវិញរោងចក្រ ។
ក្រុមសម្ភារៈគ្រោះថ្នាក់មកពីនាយកដ្ឋាន បានចូលទៅក្នុងរោងចក្រ ហើយបានគ្រប់គ្រងការលេចធ្លាយ។ ក្រោយមក ផ្សែងបានរសាយបាត់ទៅ។

បទបញ្ជាជម្លៀសត្រូវបានលុបចោលនៅរសៀលថ្ងៃអង្គារ។ នាយកដ្ឋានប៉ូលីសក្រុងឡាហាប្រា បានបន្តតាមដានគុណភាពខ្យល់នៅក្នុងតំបន់នោះ ហើយបានបញ្ជាក់ថា មិនមានហានិភ័យសកម្មចំពោះប្រជាជននោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top