រយៈពេលមិនដល់ ១សប្ដាហ៍ កងកម្លាំងអាមេរិក បាញ់ពន្លិចនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៥ គ្រឿង
វ៉ាស៊ីនតោន៖ តាមបញ្ជាការកណ្តាល សហរដ្ឋអាមេរិកបានអះអាងថា កងកម្លាំងអាមេរិក បានបំផ្លាញនាវាដឹកប្រេងឆៅអ៊ីរ៉ង់ចំនួន ៥ គ្រឿង ដើម្បីសងសឹកចំពោះការវាយប្រហារ ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លើនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
បេីតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឧ្យដឹងថា នាវាចម្បាំងអាមេរិក បានគេចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់ ដោយជោគជ័យដោយមីស៊ីលផ្លោង ហើយបន្តល្បាតដែនទឹកក្នុងតំបន់ ។
ប្រភពបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ថា ការវាយប្រហារបានកើតឡើងនៅជិតកោះ Kharg របស់អ៊ីរ៉ង់ដោយបញ្ជាក់ថា “កងកម្លាំងអាមេរិក បានណែនាំក្រុមនាវិកឱ្យបោះបង់ចោលនាវាមុន ពេលនាវាទាំងនោះត្រូវបានវាយប្រហារ ហើយមិនអាចដំណើរការបាន”។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនបានបំផ្លាញនាវាផ្ទុកប្រេងឆៅអ៊ីរ៉ង់ចំនួន ៣គ្រឿង បន្ទាប់ពីកងកម្លាំង IRGC បានព្យាយាមវាយប្រហារនាវាផ្ទុកយន្តហោះ និងនាវាពិឃាតមីស៊ីលដឹកនាំរបស់សហរដ្ឋអាមេរិក ដោយបន្ថែមថា ការប៉ុនប៉ងទាំងអស់របស់ IRGC ប្រឆាំងនឹងនាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបរាជ័យ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកបានឧ្យដឹងថា ការវាយប្រហារចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកគឺ “ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធនោះ” ប្រឆាំងនឹងសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញប្រេងឆៅ៕
ប្រែសម្រួល ឈូក បូរ៉ា
