លោក ដូណាល់ ត្រាំ បញ្ជាឱ្យដកផលិតផលកាណាដា ចេញពីបញ្ជីកិច្ចសន្យា របស់រដ្ឋាភិបាលអាមេរិក
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យដកផលិតផលកាណាដា ចេញពីបញ្ជីកិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការតបតពន្ធរបស់ប្រទេសកាណាដា។
លោក ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social ថា “ខ្ញុំសូមណែនាំ GSA (រដ្ឋបាលសេវាកម្មទូទៅ) ដោយធ្វើការជាមួយ USTR (តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក) ឱ្យចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីដកផលិតផលដើមកំណើតកាណាដា ចេញពីបញ្ជីលុះត្រាតែប្រទេសកាណាដា ស្តារឡើងវិញនូវសិទ្ធិទទួលបានផលប្រយោជន៍ពេញលេញ និងយុត្តិធម៌ សម្រាប់កសិករ និងក្រុមហ៊ុនអាមេរិក”។
លោក ដូណាល់ ត្រាំ បានលេីកឡេីងថា “ប្រទេសកាណាដា មិនអនុញ្ញាតឱ្យកសិករផលិត ទឹកដោះគោដ៏អស្ចារ្យរបស់យើងលក់ ទៅទីផ្សារកាណាដានោះទេ ហើយហេតុផលតែមួយគត់ ដែលប្រទេសកាណាដាផលិតរថយន្ត គឺដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏មហន្តរាយពីមុន ខណៈពេលដែលប្រធានាធិបតីផ្សេងទៀតកំពុងកាន់តំណែង ប្រទេសកាណាដា បានបោកប្រាស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ”។
លោកបានបន្ថែមថា «រដ្ឋាភិបាលកាណាដា រួមទាំងខេត្តនានារបស់ប្រទេសកាណាដា បានហាមឃាត់អាជីវកម្មខ្នាតតូច និងក្រុមហ៊ុនអាមេរិក មិនឱ្យលក់ចូលទៅក្នុងទីផ្សារផ្គត់ផ្គង់របស់រដ្ឋាភិបាលរបស់ពួកគេ នោះមិនមែនជាការតបស្នងទេ វាគឺជាការបោកប្រាស់ពាណិជ្ជកម្មរបស់កាណាដា»៕
ប្រែសម្រួល ឈូក បូរ៉ា
