ប្រធានាធិបតីកូរ៉េខាងត្បូងថា កិច្ចពិភាក្សា ជាមួយប្រធានាធិបតីបារាំង គឺនិយាយអំពីកិច្ចសហប្រតិបត្តិការលើសន្តិសុខ និងសេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz , មិនពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពឡើយ
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើសន្តិសុខ និងសេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ ប៉ុន្តែកិច្ចពិភាក្សាទាំងនោះមិនពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពនោះទេ, នេះបើយោងតាមការិយាល័យប្រធានាធិបតីទីក្រុងសេអ៊ូល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Lee ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយថា លោកបានពិភាក្សាអំពីច្រកសមុទ្រ Hormuz ជាមួយលោក Macron ដែលជាផ្នែកមួយនៃកិច្ចពិភាក្សាទូលំទូលាយលើបញ្ហាសន្តិសុខអន្តរជាតិ។
លោក Lee បាននិយាយថា “កូរ៉េខាងត្បូង និង បារាំង បានព្រមព្រៀងគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីឱ្យសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ Hormuz និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលអាចត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស”។
សូមជម្រាបថា ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង ដែលពឹងផ្អែកលើផ្លូវទឹកសម្រាប់ការនាំចូលប្រេងឆៅចំនួន 61% និង 54% នៃការនាំចូលល្បាយដែលងាយឆេះរបស់ខ្លួនកាលពីឆ្នាំមុន។
ប្រែសម្រួលៈ ណៃ តុលា
