ព័ត៌មានអន្តរជាតិ

វៀតណាម នាំចេញកាហ្វេបានជិត ១,៧ លានតោន ដែលមានតម្លៃជាង ៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៨ខែដំបូងឆ្នាំ ២០២៦, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែជាទីផ្សារធំ

បរទេស៖ ការនាំចេញកាហ្វេ របស់ប្រទេសវៀតណាមបានឈានដល់ជិត ១,៧ លានតោនដែលមានតម្លៃជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ១០% បើធៀបនឹងឆ្នាំមុនទាក់ទងនឹងបរិមាណ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា ទោះជាយ៉ាងណាក៏ដោយ តម្លៃនាំចេញបានធ្លាក់ចុះ ១១,២% ដោយសារតែតម្លៃទាប, នេះបើយោងតាមសមាគមកាកាវកាហ្វេវៀតណាម។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញសំខាន់សម្រាប់កាហ្វេវៀតណាម។ ទន្ទឹមនឹងនេះ ទីផ្សារអាស៊ីជាច្រើន ជាពិសេសប្រទេសចិន កំពុងលេចចេញជាកម្លាំងចលករកំណើនថ្មីសម្រាប់ឧស្សាហកម្មនេះ។

លោក Nguyen Nam Hai ប្រធានសមាគមបាននិយាយថា កាហ្វេវៀតណាមមានឱកាសជាច្រើនដើម្បីពន្លឿនកំណើនទាំងបរិមាណ និងតម្លៃនៅក្នុងខែចុងក្រោយនៃឆ្នាំ។

តម្លៃកាហ្វេត្រូវបានគេព្យាករណ៍ថា នឹងត្រូវបានគាំទ្រដោយកត្តាជាច្រើន។ ការប្រែប្រួលអាកាសធាតុ និងភ្លៀងធ្លាក់ខ្លាំងបានពន្យារពេលការប្រមូលផលនៅប្រេស៊ីល ខណៈដែលបាតុភូតអាកាសធាតុ El Niño រលកកំដៅ និងគ្រោះរាំងស្ងួតត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់អាស៊ីនៅចុងឆ្នាំ ២០២៦ និង២០២៧ ដែលអាចប៉ះពាល់ដល់ការផលិត និងការផ្គត់ផ្គង់កាហ្វេ ចំណែកកម្រិតស្តុកទាបគឺជាកត្តាគាំទ្រមួយទៀត។
ប្រែសម្រួលៈ ណៃ តុលា

To Top