ព័ត៌មានអន្តរជាតិ

IRGC របស់អ៊ីរ៉ង់​ រឹបអូសបានយានមុជទឹក គ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក​ នៅច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា កងកម្លាំងរបស់ខ្លួនបានចាប់បានយានមុជទឹកគ្មានមនុស្សបើក “ទំនើប និងឆ្លាតវៃបំផុត” មួយគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិក​ នៅច្រកចូលច្រកសមុទ្រហ័រមូស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹក IRGC បានឧ្យដឹងថា យានមុជទឹកគ្មានមនុស្សបើកនេះ ត្រូវបានចាប់បាននៅក្នុងប្រតិបត្តិការ ស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការដ៏ស្មុគស្មាញមួយ។

យានមុជទឹកនេះ ដែលត្រូវបានកំណត់ថាជា Dive-LD ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាយានមុជទឹកទំនើបបំផុតរបស់ពិភពលោក ដោយកត់សម្គាល់ថារូបភាពរបស់វានឹង ត្រូវបានចេញផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

IRGC ក៏បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងនៅលើច្រកសមុទ្រហ័រមូស​។

បន្ទាប់ពីការប្រកាសរបស់ IRGC យោធាសហរដ្ឋអាមេរិក​ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យាន​គ្មានមនុស្សបើកក្រោមទឹកមួយរបស់ខ្លួន «មានបញ្ហា» កាលពីមួយថ្ងៃមុន ក្នុងអំឡុងពេលស្ទង់មើលដែនទឹកក្នុងតំបន់ ដោយមិនបានលើកឡើងថាតើឧបករណ៍នេះត្រូវបានអ៊ីរ៉ង់រឹបអូស​ ឬអត់នោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top