ព័ត៌មានអន្តរជាតិ

Trump នៅតែជាមេដឹកនាំសំខាន់ ខណៈសាធារណរដ្ឋ កំពុងគិតពីអ្នកស្នងតំណែង

ឡាស សហរដ្ឋអាមេរិក ៖ ថ្ងៃទី៩ ខែកញ្ញា តាមការចេញផ្សាយរបស់ Reuters គណបក្សសាធារណរដ្ឋអាមេរិកកំពុងប្រមូលផ្តុំគ្នានៅទីក្រុងដាឡាស ក្នុងសប្តាហ៍នេះ ដើម្បីអបអរសាទរប្រធានាធិបតី Donald Trump និងប្រមូលការគាំទ្រមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ប្រសិនបើគណបក្សសាធារណរដ្ឋ ទទួលលទ្ធផលមិនល្អក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា វាអាចជំរុញឱ្យមានការពិភាក្សា កាន់តែខ្លាំងឡើងអំពីអ្នកដែលនឹងបន្តដឹកនាំគណបក្ស និងទិសដៅរបស់ចលនា «Make America Great Again» (MAGA) បន្ទាប់ពី Trump ចាកចេញពីតំណែង។

ក្នុងចំណោមឥស្សរជន ដែលត្រូវបានចាប់អារម្មណ៍ជាងគេក្នុងការពិភាក្សាអំពីអនាគតនេះ គឺអនុប្រធានាធិបតី JD Vance។ សុន្ទរកថាគន្លឹះ របស់លោកនៅថ្ងៃព្រហស្បតិ៍ ត្រូវបានគេចាត់ទុកថាអាចជាការបង្ហាញសមត្ថភាពដំបូង សម្រាប់ការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៨ និងអាចបង្ហាញពីទស្សនៈរបស់លោក ចំពោះការដឹកនាំគណបក្សដែលត្រូវបាន Trump ផ្លាស់ប្តូរយ៉ាងខ្លាំង។

ដោយសាររដ្ឋធម្មនុញ្ញអាមេរិករារាំង Trump មិនឱ្យឈរឈ្មោះសម្រាប់អាណត្តិទី៣ សមាជិកគណបក្សសាធារណរដ្ឋដែល Reuters បានសម្ភាសន៍ បាននិយាយថា សំណួរសំខាន់គឺថា តើគោលនយោបាយ និងទស្សនៈរបស់ Trumpism មួយណាខ្លះគួរត្រូវបានបន្ត ។ ភាពខុសគ្នាកំពុងលេចឡើងជុំវិញបញ្ហាពន្ធគយ ការធ្វើអន្តរាគមន៍នៅក្រៅប្រទេស និងវិសាលភាពនៃរបៀបវារៈនយោបាយ បែបប្រជានិយមរបស់ Trump។

នេះជាពេលវេលាដ៏សំខាន់សម្រាប់ចលនា MAGA ។ ទោះបី Trump នៅតែជាឥស្សរជនមានឥទ្ធិពលខ្លាំងបំផុតក្នុងគណបក្សក៏ដោយ ក៏លទ្ធផល នៃការបោះឆ្នោត ពាក់កណ្តាលអាណត្តិ អាចធ្វើឱ្យគណបក្សសាធារណរដ្ឋបាត់បង់ អំណាចមួយចំនួននៅទីក្រុងវ៉ាស៊ីនតោន និងបង្កើនការពិភាក្សា អំពីអ្នកស្នងតំណែង និងទិសដៅគោលនយោបាយរបស់គណបក្ស បន្ទាប់ពី Trump ចាកចេញពីសេតវិមាននៅឆ្នាំ២០២៩។
នៅក្នុងព្រឹត្តិការណ៍ដែលគេ ហៅក្រៅផ្លូវការថា «Trumpapalooza» មិនទំនងជាមានការលើកឡើង ជាសាធារណៈច្រើនអំពីការផ្លាស់ប្តូរ ទៅរកយុគសម័យក្រោយ Trump នោះទេ ។ ប៉ុន្តែមន្ត្រីគណបក្សបានឱ្យដឹងថា បញ្ហានេះត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទសម្រាប់ការពិភាក្សា ក្រៅផ្លូវការ រវាងម្ចាស់ជំនួយ អ្នកយុទ្ធសាស្ត្រ និងសមាជិកសភា ហើយសុន្ទរកថារបស់ Vance នឹងក្លាយជាផ្ទៃខាងក្រោយដ៏សំខាន់នៃការពិភាក្សាទាំងនេះ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេស Marco Rubio ដែលត្រូវបានគេចាត់ ទុកយ៉ាងទូលំទូលាយថា ជាគូប្រជែងសំខាន់របស់ Vance សម្រាប់ការតែងតាំងជាបេក្ខជន ប្រធានាធិបតីរបស់គណបក្ស សាធារណរដ្ឋនៅឆ្នាំ២០២៨ មិនមានកាលវិភាគថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះទេ។

ប្រែសម្រួល៖ គីរី

To Top