ភ្លើងឆេះព្រៃ នៅឥណ្ឌូណេស៊ី បញ្ចេញឧស្ម័នកាបូនខ្ពស់បំផុត ក្នុងពិភពលោក
បរទេស៖ ឥណ្ឌូណេស៊ី កំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃការបញ្ចេញឧស្ម័នពីភ្លើងឆេះព្រៃ និងដីព្រៃល្បាប់នៅកោះ Borneo និង Sumatra ដោយទិន្នន័យថ្មីបង្ហាញថា កម្រិតការបញ្ចេញកាបូនឌីអុកស៊ីត ពីភ្លើងឆេះនៅប្រទេសនេះ បានកើនឡើងខ្ពស់ជាងប្រទេសណាៗទាំងអស់ក្នុងពិភពលោក។
ចន្លោះពីថ្ងៃទី ១ ដល់ ៧ ខែកញ្ញា ការបញ្ចេញឧស្ម័នពីភ្លើងឆេះនៅឥណ្ឌូណេស៊ី មានប្រមាណ ១៩,៧ លានតោន ដែលស្មើនឹងជាងមួយភាគបីនៃការបញ្ចេញសរុបទូទាំងពិភពលោក និងបានលើសប្រទេសរុស្ស៊ី។ ទិន្នន័យនេះមកពី Fire Emissions Watch របស់កម្មវិធីតាមដានបរិយាកាស Copernicus របស់សហភាពអឺរ៉ុប នេះបើតាមការចេញផ្សាយពី South China Morning Post ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។
អ្នកជំនាញបានបញ្ជាក់ថា លក្ខខណ្ឌអាកាសធាតុ El Niño កម្រិតខ្លាំង បានធ្វើឱ្យសីតុណ្ហភាពកើនឡើង និងបង្កឱ្យមានភាពរាំងស្ងួតខ្លាំង ដែលធ្វើឱ្យភ្លើងឆេះកាន់តែរីករាលដាល និងឆេះខ្លាំងជាងធម្មតា។ ការបញ្ចេញឧស្ម័នក្នុងសប្តាហ៍នោះ ក៏ខ្ពស់ជាងមធ្យមភាគតាមរដូវរហូតដល់ ២៧៣%។
តំបន់ដែលរងផលប៉ះពាល់ខ្លាំង រួមមាន Kalimantan នៅផ្នែកឥណ្ឌូណេស៊ីនៃកោះ Borneo និងតំបន់ភាគខាងកើតនៃកោះ Sumatra។ នៅទីក្រុង Pontianak ខេត្ត West Kalimantan សន្ទស្សន៍គុណភាពខ្យល់បានឡើងដល់ ៣៩៤ ដែលត្រូវបានចាត់ទុកថា ស្ថិតក្នុងកម្រិតគ្រោះថ្នាក់។
ទិន្នន័យក៏បង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ភ្លើងបានឆេះលើផ្ទៃដីប្រមាណ ២០២.០០០ ហិកតា ខណៈការប៉ាន់ស្មានសម្រាប់ខែសីហា បង្ហាញថា ផ្ទៃដីដែលរងការឆេះអាចកើនឡើងដល់ប្រមាណ ៦០០.០០០ ហិកតា។ ចំណែកចំនួនចំណុចក្តៅដែលត្រូវបានរកឃើញចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា មាន ១៣.៤៤៣ ចំណុច ខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។
អ្នកជំនាញព្រមានថា ស្ថានការណ៍អាចកាន់តែធ្ងន់ធ្ងរ ព្រោះភ្លើងឆេះនៅតំបន់ដីព្រៃល្បាប់ខ្លះអាចឆេះនៅក្រោមដី ឬឆេះក្នុងសីតុណ្ហភាពទាប ដែលឧបករណ៍ផ្កាយរណបមិនអាចរកឃើញបានទាំងស្រុង។ រដូវភ្លើងឆេះត្រូវបានរំពឹងថា អាចបន្តរហូតដល់ចុងខែតុលា។
ស្ថានការណ៍នេះកំពុងបង្កការព្រួយបារម្ភអំពី គុណភាពខ្យល់ សុខភាពសាធារណៈ និងផលប៉ះពាល់បរិស្ថាន នៅឥណ្ឌូណេស៊ី និងតំបន់ អាស៊ីអាគ្នេយ៍ ខណៈអាជ្ញាធរបន្តតាមដាន និងពង្រឹងការទប់ស្កាត់ភ្លើងឆេះ នៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង។
ប្រែសម្រួល៖ គីរី
