តម្លៃមាសនៅវៀតណាម ធ្លាក់ចុះដល់កម្រិតទាប ជិតមួយខែ
ហូជីមិញ៖ តាមការចេញផ្សាយត VE Express នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះថា តម្លៃមាសនៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតទាបជិតមួយខែ នៅព្រឹកថ្ងៃពុធ ខណៈតម្លៃមាសនៅទីផ្សារអន្តរជាតិ បានងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះជាប់គ្នារយៈពេល ៣ ថ្ងៃ។
តម្លៃមាសដុំរបស់ក្រុមហ៊ុន Saigon Jewelry Company (SJC) បានធ្លាក់ចុះ ០,៨២% មកនៅត្រឹម ១៤៥,៤ លានដុងក្នុងមួយតាល (ប្រហែល ៥.៥៩៩ ដុល្លារអាម៉េរិក) ដែលជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី១៩ ខែសីហា។ មាសមួយតាលមានទម្ងន់ ៣៧,៥ ក្រាម ឬប្រហែល ១,២ អោន។
ចំណែកឯ តម្លៃមាសចិញ្ចៀន ក៏បានធ្លាក់ចុះដែរ ដោយមកនៅត្រឹម ១៤៤,៩ លានដុងក្នុងមួយតាល។ នៅទីផ្សារអន្តរជាតិ តម្លៃមាសបានកើនឡើង ០,៥% ដល់ ៤.៣៧៨,៦០ ដុល្លារក្នុងមួយអោន បន្ទាប់ពីបានធ្លាក់ចុះ ២,៦% ក្នុងរយៈពេល ៣ វគ្គជួញដូរមុន។
តម្លៃប្រេងក៏បានបន្តកើនឡើងផងដែរ ដោយប្រេងឆៅ Brent កំពុងខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល ស្របពេលការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំង ដែលបង្កើនការព្រួយបារម្ភអំពីអតិផរណា មុនពេលសហរដ្ឋអាម៉េរិកចេញផ្សាយទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ដែលទីផ្សារកំពុងតាមដានយ៉ាងដិតដល់។
អ្នកវិភាគទីផ្សារលោក Ahmad Assiri មកពី Pepperstone Group បានលើកឡើងថា ប្រសិនបើទិន្នន័យអតិផរណា របស់អាម៉េរិកបង្ហាញថា អតិផរណាមានកម្រិតទាបជាងការរំពឹងទុក នោះអាចជាកត្តាផ្តល់ការគាំទ្រដល់មាស ព្រោះវាអាចជួយពង្រឹងការរំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងរក្សាអត្រាការប្រាក់នៅកម្រិតបច្ចុប្បន្ន។ ផ្ទុយទៅវិញ ប្រសិនបើអតិផរណាខ្ពស់ជាងការរំពឹងទុក វាអាចបង្កើនសម្ពាធឱ្យមានការដំឡើងអត្រាការប្រាក់ និងបង្កផលប៉ះពាល់ដល់តម្លៃមាស។
ចាប់តាំងពីងើបឡើងវិញ ពីកម្រិតជិត ៤.០០០ ដុល្លារក្នុងមួយអោន កាលពីខែកក្កដា តម្លៃមាសពិភពលោក បានជួញដូរក្នុងចន្លោះប្រមាណ ៤.៤០០ ដុល្លារក្នុងមួយអោន ខណៈវិនិយោគិននៅតែវាយតម្លៃ ជាបន្តបន្ទាប់អំពីទិសដៅគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក។
ទោះបីមាសកំពុងប្រឈមនឹងសម្ពាធក្នុងរយៈពេលខ្លីក៏ដោយ វិនិយោគិនជាច្រើននៅតែរំពឹងថា តម្លៃមាសអាចបន្តកើនឡើង ដោយសារមាសនៅតែត្រូវបានចាត់ទុកជាទ្រព្យសកម្មសម្រាប់ការពារហានិភ័យ និងជួយធ្វើពិពិធកម្មផលប័ត្រវិនិយោគ។
ប្រែសម្រួល៖ គីរី
