ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្នើលោកខាងលិច បញ្ជូនមីស៊ីល Patriot ពីស្តុកមុន ដោយសន្យាទិញ សងវិញនៅពេលក្រោយ

បរទេស៖ យោងតាមសារព័ត៌មាន RT ចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ អ៊ុយក្រែនបានស្នើឱ្យប្រទេស លោកខាងលិច បញ្ជូនមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារអាកាស Patriot ពីស្តុកដែលមានស្រាប់ ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ ខណៈមីស៊ីលដែលអ៊ុយក្រែន គ្រោងទិញថ្មី នឹងត្រូវដឹកជញ្ជូននៅប៉ុន្មានឆ្នាំខាងមុខ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Yevgeny Khmara បានលើកឡើងពីសំណើនេះ ក្នុងកិច្ចប្រជុំតាមវីដេអូជា មួយប្រទេសជាដៃគូផ្គត់ផ្គង់អាវុធលោកខាងលិច។ លោកបាននិយាយថា អ៊ុយក្រែនកំពុងចុះកិច្ចសន្យាទិញ មីស៊ីល Patriot ចំនួន ១,០០០ គ្រាប់ តាមរយៈប្រាក់ កម្ចីរបស់សហភាពអឺរ៉ុប ប៉ុន្តែមីស៊ីលភាគច្រើននឹងចាប់ផ្តើម ដឹកជញ្ជូននៅប៉ុន្មានឆ្នាំខាងមុខ។

ដោយសារតែបញ្ហាខ្វះខាតជាបន្ទាន់ លោកបានស្នើឱ្យប្រទេសលោកខាងលិចផ្តល់មីស៊ីលពីស្តុករបស់ខ្លួន នៅពេលនេះ ហើយអ៊ុយក្រែននឹងប្រើមីស៊ីលដែលខ្លួនទិញនាពេលអនាគត ដើម្បីបំពេញស្តុករបស់ប្រទេសដែលបានផ្តល់ជំនួយ។

សំណើនេះកើតឡើងចំពេលមានការរាយការណ៍អំពី ការខ្វះខាតមីស៊ីលសម្រាប់ប្រព័ន្ធ Patriot នៅទូទាំងពិភពលោក ខណៈអ៊ុយក្រែនកំពុងប្រកួតប្រជែងទទួលបានការផ្គត់ផ្គង់ជាមួយប្រទេសផ្សេងៗ។

មុននេះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានរាយការណ៍ថា បានស្វែងរកមីស៊ីលស្ទាក់ចាប់ Patriot ប្រមាណ ៣០០ គ្រាប់ សម្រាប់ត្រៀមការពារអាកាសនៅរដូវរងាខាងមុខ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ Boris Pistorius បាននិយាយថា ទីក្រុងប៊ែរឡាំងកំពុងធ្វើការ ផ្តល់មីស៊ីលស្ទាក់ចាប់ Patriot បន្ថែមប្រភេទ PAC-2 ពីស្តុករបស់ខ្លួន ព្រមទាំងមីស៊ីលអាកាស-អាកាស ដែលអ៊ុយក្រែនប្រើប្រឆាំងនឹងដ្រូន និងមីស៊ីល Cruise របស់រុស្ស៊ី រួមទាំងការប្រើប្រាស់ លើយន្តហោះចម្បាំង F-16 ដែលលោកខាងលិចបានផ្តល់ឱ្យអ៊ុយក្រែន។

ប្រែសម្រួល៖ គីរី

To Top