អាមេរិកអះអាងថា បានបំផ្លាញនាវាអ៊ីរ៉ង់ ១០គ្រឿង ដែលជាផ្នែកនៃ «បណ្តាញស្រមោល» តម្លៃរាប់ពាន់លានដុល្លារ
មជ្ឈិមបូព៌ា៖ បញ្ជាការដ្ឋានកណ្តាល សហរដ្ឋអាមេរិក (US Central Command) បានច្រានចោលការអះអាង របស់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលថា ខ្លួនបានវាយប្រហារនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកចំនួន ២គ្រឿង ដោយអះអាងថា ការវាយប្រហារទាំងនោះមិនបានប៉ះពាល់ដល់នាវាចម្បាំង អាមេរិកណាមួយឡើយ។
តាមការបញ្ជាក់របស់ US Central Command កងកម្លាំងអាមេរិកបាន បំផ្លាញនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ១០គ្រឿងក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ ដែលអាមេរិកជឿថា ជាផ្នែកមួយនៃ «បណ្តាញស្រមោល» មានតម្លៃរាប់ពាន់លានដុល្លារ ដែលត្រូវបានចោទថា ជាប្រភពផ្តល់ហិរញ្ញប្បទានដល់ IRGC។
មុននេះ មន្ត្រីអ៊ីរ៉ង់បានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារនាវាដឹកប្រេងចំនួន ៨គ្រឿង និងនាវាអាមេរិក ២គ្រឿង ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហាររបស់អាមេរិក លើនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៥គ្រឿង។ អ៊ីរ៉ង់ក៏បានអះអាងថា នាវាចំនួន ១០គ្រឿងផ្សេងទៀត ដែលព្យាយាមឆ្លងកាត់តំបន់ច្រកសមុទ្រ Hormuz ក៏ត្រូវបានកំណត់ជាគោលដៅផងដែរ។
ប្រែសម្រួល៖ គីរី
