នាយករដ្ឋមន្ត្រីអង់គ្លេស ៖ អង់គ្លេសត្រូវតែ «ឈរប្រឆាំងនឹងភាពអយុត្តិធម៌» ជុំវិញការតាំងទីលំនៅនៅតំបន់ West Bank
ឡុងដ៍៖ សារព៏ត៌មាន Reuters បានចេញផ្សាយនៅ ថ្ងៃទី៩ ខែកញ្ញា នេះថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានថ្លែងនៅក្នុងសភាកាលពីថ្ងៃពុធថា អង់គ្លេសត្រូវតែ «ឈរលើគោលការណ៍ និងតម្លៃរបស់ខ្លួន» ដោយការពារសេចក្តីសម្រេច របស់រដ្ឋាភិបាល ក្នុងការហាមឃាត់ការនាំចូលទំនិញ ពីការតាំងទីលំនៅ របស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលស្ថិតក្រោមការកាន់កាប់។
លោក Burnham ដែលបានកាន់តំណែង ជានាយករដ្ឋមន្ត្រីចាប់តាំងពីខែកក្កដា បានបញ្ជាក់ថា អង់គ្លេសបានគាំទ្រដំណោះស្រាយ រដ្ឋពីរ (Two-State Solution) សម្រាប់ជម្លោះនៅមជ្ឈិមបូព៌ាជាយូរមកហើយ។ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់នូវគោលនយោបាយតាមពាក្យសម្ដី ត្រូវតែមានសកម្មភាពជាក់ស្តែងគាំទ្រផងដែរ។
លោក Burnham បានថ្លែងថា ការដឹកនាំមានន័យថា ត្រូវចាត់វិធានការនៅពេលមានភាពអយុត្តិធម៌ និងនៅពេលដែលត្រូវកែតម្រូវភាពមិនស្មើភាព រួមទាំងស្ថានការណ៍ដែលប្រជាជនត្រូវ បានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
ការហាមឃាត់ការនាំចូលនេះ ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Ed Miliband រួមជាមួយវិធានការដាក់ទណ្ឌកម្ម ឬកំណត់គោលដៅលើក្រុមហ៊ុន និងបុគ្គលដែលមានទំនាក់ទំនងជាមួយការតាំងទីលំនៅ។
វិធានការនេះត្រូវបានចាត់ទុកថា ជា ការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយរបស់អង់គ្លេសចំពោះអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ វិធានការរបស់អង់គ្លេស ក៏ជាផ្នែកមួយនៃការជំរុញសកម្មភាពរួមជាមួយ បារាំង និងកាណាដា ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលជុំវិញការពង្រីកការតាំងទីលំនៅនៅ West Bank។ ប្រទេសទាំងបីបានលើកឡើងថា ការពង្រីកការតាំងទីលំនៅនេះ អាចគំរាមកំហែង ដល់លទ្ធភាពសម្រេចបាន នូវដំណោះស្រាយរដ្ឋពីរ ដែលមានគោលបំណងឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅជារដ្ឋពីរដោយឡែកពីគ្នា។
ចំណុចសំខាន់៖ រដ្ឋាភិបាលអង់គ្លេសបានបង្ហាញជំហរ រឹងមាំជាងមុនចំពោះការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅ West Bank ដោយអះអាងថា ការគាំទ្រដំណោះស្រាយរដ្ឋពីរ ត្រូវការសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ។
ប្រែសម្រួល៖ គីរី
