អ៊ីរ៉ង់ រិះគន់សេចក្តីសម្រេច របស់ក្រុមប្រឹក្សាភិបាល IAEA ដែលបញ្ជូនបញ្ហានុយក្លេអ៊ែររបស់ខ្លួន ទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ
តេអេរ៉ង់៖ អ៊ីរ៉ង់ បានថ្កោលទោសការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលនៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក្នុងការបញ្ជូនបញ្ហានុយក្លេអ៊ែររបស់ខ្លួនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយដាក់ស្លាកសេចក្តីសម្រេចនេះថា “មិនពាក់ព័ន្ធជាមូលដ្ឋាន” បន្ទាប់ពីវាត្រូវបានអនុម័ត ជុំវិញការចោទប្រកាន់ថា “មិនអនុលោមតាម” លេីបញ្ហានុយក្លេអ៊ែរ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា អ៊ីរ៉ង់ មិនបានប្រព្រឹត្តឬមិនអនុលោមតាមនោះទេ ដោយសង្កត់ធ្ងន់ថា អ្វីដែលពួកគេហៅថា “មិនអនុលោមតាម” គឺកើតចេញពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
លោកក៏បានរិះគន់សេចក្តីសម្រេចនេះ ចំពោះការទាមទារឱ្យអ៊ីរ៉ង់ បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងការពារជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ខណៈពេលដែលមិនអើពើនឹងចលនារបស់ទីក្រុងតេអេរ៉ង់ ក្នុងការបដិសេធមិនឱ្យទីភ្នាក់ងារនេះចូលទៅកាន់រោងចក្រនុយក្លេអ៊ែររបស់ខ្លួន គឺបណ្តាលមកពី “សកម្មភាពឈ្លានពាន” ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោកបានសម្តែងទំនុកចិត្តថា វិធានការនេះនឹងបរាជ័យ ហើយនឹងធ្វើឱ្យ IAEA ក្លាយជានយោបាយបន្ថែមទៀត និងធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
សេចក្តីសម្រេចនេះ ដែលដាក់ជូនដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ហើយត្រូវបានគេរាយការណ៍ថា បានអនុម័តដោយសំឡេងគាំទ្រចំនួន ២៣ សំឡេង ប្រឆាំងចំនួន ៣ និងអនុប្បវាទចំនួន ៨ ស្នើសុំឱ្យអគ្គនាយក IAEA លោក Rafael Grossi រាយការណ៍អំពីអ៊ីរ៉ង់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងមហាសន្និបាតអង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
