ថៃ ដណ្តើមតំណែងលេខ២វិញ ក្នុងទីផ្សារអាកាសចរណ៍អាស៊ីអាគ្នេយ៍ ខណៈជើងហោះហើរកើនឡើង
បាងកក៖ ប្រទេសថៃ បានត្រឡប់មកកាន់តំណែងជាទីផ្សារអាកាសចរណ៍ធំទី២ នៅអាស៊ីអាគ្នេយ៍ក្នុងខែកញ្ញា បន្ទាប់ពីវៀតណាមបានវ៉ាដាច់ ក្នុងរយៈពេល២ខែមុននេះ ។ នេះបើយោងតាមទិន្នន័យ របស់ក្រុមហ៊ុនវិភាគអាកាសចរណ៍អង់គ្លេស OAG។
ឥណ្ឌូណេស៊ីនៅតែឈរលេខ១ ដោយមានកៅអីជើងហោះហើរតាមកាលវិភាគប្រមាណ ១០.៨ លានកៅអី កើនឡើង ៧.៣% បើធៀបនឹងឆ្នាំមុន។ ចំណែកថៃមាន ៦.៦ លានកៅអី ថយចុះ ០.២% ខណៈវៀតណាមឈរលេខ៣ មាន ៦.៤ លានកៅអី ប៉ុន្តែកើនឡើង ៩.២%។
ជារួម ទីផ្សារអាកាសចរណ៍អាស៊ីអាគ្នេយ៍ក្នុងខែកញ្ញា ត្រូវបានរំពឹងថានឹងមានកៅអីសរុបប្រមាណ ៤៨ លានកៅអី កើនឡើង ២% ពីខែកញ្ញា ឆ្នាំ២០២៥។ ទន្ទឹមនោះ ម៉ាឡេស៊ី ហ្វីលីពីន និងកម្ពុជា ត្រូវបានរំពឹងថានឹងមានការថយចុះនៃចំនួនកៅអីជើងហោះហើរ។
ការវិលត្រឡប់របស់ថៃកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មួយចំនួនបានកាត់បន្ថយជើងហោះហើរនារដូវក្តៅ ដោយសារការកើនឡើងនៃថ្លៃ ប្រតិបត្តិការ។ ទោះជាយ៉ាងណា ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង ក្រុមហ៊ុនអាកាសចរណ៍ធំបំផុត របស់ថៃ គ្រោងដំណើរការបណ្តាញជើងហោះហើរ ៦៦ ផ្លូវ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៧ ព្រមទាំងបង្កើនប្រេកង់ជើងហោះហើរលើផ្លូវអន្តរជាតិសំខាន់ៗ ដូចជា ប៉ារីស ហុងកុង កូឡាឡាំពួរ និងញូវដេលី។
ប្រែសម្រួល៖ គីរី
