ប្រមុខយូអិន សម្ដែងការព្រួយបារម្ភ អំពីការកើនឡើង នៃភាពតានតឹងលើច្រកសមុទ្រហ័រមូស
យូអិន៖ អ្នកនាំពាក្យរបស់លោកបានឧ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្ដែថការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃភាពតានតឹងចុងក្រោយលើច្រកសមុទ្រហ័រមូស។
អ្នកនាំពាក្យ Stephane Dujarric បានឧ្យដឹងថា “លោកអគ្គលេខាធិការ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ នៃការកើនឡើងបន្ថែមទៀតនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រួមទាំងការវាយប្រហារប្រឆាំងនឹងនាវាពាណិជ្ជកម្ម និងការគំរាមកំហែងនៃសកម្មភាពបន្ថែមប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ និងថាមពល”។
អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា សិទ្ធិនាវាចរណ៍ និងសេរីភាពនាវាចរណ៍នៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូសត្រូវតែត្រូវបានស្តារឡើងវិញ និងគោរពយ៉ាងពេញលេញស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរូបនេះបានបន្ដថា “អង្គការសហប្រជាជាតិរំលឹកឡើងវិញ នូវការអំពាវនាវរបស់អគ្គលេខាធិការ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តការអត់ធ្មត់បំផុត និងចៀសវាងសកម្មភាព និងវោហាសាស្ត្រ ដែលអាចធ្វើឱ្យស្ថានការណ៍ដែលមានភាពប្រែប្រួលរួចទៅហើយកាន់តែធ្ងន់ធ្ងរឡើង ការកើនឡើងបន្ថែមទៀតណាមួយប្រឈមនឹងផលវិបាកធ្ងន់ធ្ងរសម្រាប់ជនស៊ីវិល ស្ថិរភាពក្នុងតំបន់ សន្តិភាព និងសន្តិសុខអន្តរជាតិ និងសេដ្ឋកិច្ចពិភពលោក”។
លោក Guterres បានជំរុញឱ្យភាគីនានាប្រើប្រាស់បណ្តាញការទូតឱ្យបានពេញលេញ និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការចរចា។ លោក Dujarric បានបន្ថែមថា លេខាធិការដ្ឋានអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលអាចទុកចិត្តបានទាំងអស់ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដ៏ទូលំទូលាយ និងយូរអង្វែង៕
ប្រែសម្រួល ឈូក បូរ៉ា
