ព័ត៌មានអន្តរជាតិ

តម្លៃឧស្ម័នអឺរ៉ុប​ កើនឡើងដល់កម្រិតខ្ពស់ បំផុតក្នុងរយៈពេល​ ៣ឆ្នាំ

ព្រុចសែល៖ តម្លៃឧស្ម័នធម្មជាតិអឺរ៉ុប​ បានកើនឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង៣ឆ្នាំ​ ខណៈដែលភាពតានតឹង និងការព្រួយបារម្ភអំពីការ ផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) នៅមជ្ឈិមបូព៌ាបានបន្ថែមសម្ពាធដល់ទីផ្សារ​ ដែលកំពុងប្រឈមមុខនឹងស្តុកទាបមុនរដូវរងា។

កិច្ចសន្យាអនាគត TTF របស់ប្រទេសហូឡង់ ដែលជាស្តង់ដារសម្រាប់ឧស្ម័នអឺរ៉ុប បានកើនឡើងដល់ ៨០.៩៩អឺរ៉ូ (ប្រហែល ៩៣.៩ដុល្លារអាមេរិក) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ក្នុងអំឡុងពេលជួញដូរ ដោយលើសពី ៨០អឺរ៉ូជាលើកដំបូងចាប់តាំងពីដើមឆ្នាំ២០២៣។ ក្រោយមកតម្លៃ បានថយចុះមកត្រឹមប្រហែល ៧៩អឺរ៉ូ (ប្រហែល ៩១.៦ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង។

ការកើនឡើងនេះបានកើតឡើង ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ពីមជ្ឈិមបូព៌ា និងការព្រួយបារម្ភថ្មីៗអំពីហេដ្ឋារចនាសម្ព័ន្ធ ឧស្ម័នរបស់រុស្ស៊ី បានធ្វើឱ្យទស្សនវិស័យផ្គត់ផ្គង់កាន់តែតឹងរ៉ឹង។

យោងតាម ​​Gas Infrastructure Europe ដែលតាមដានកម្រិតផ្ទុកឧស្ម័ននៅទូទាំងតំបន់ កន្លែងផ្ទុកឧស្ម័នរបស់សហភាពអឺរ៉ុប​ មានចំនួន ៦៧.១ភាគរយពេញ គិតត្រឹមថ្ងៃទី៨​ ខែកញ្ញា ដែលទាបជាងកម្រិតធម្មតា​។

Euronews បានរាយការណ៍ថា ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃឧស្ម័នអឺរ៉ុបកើនឡើង ដោយបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) តាមរយៈច្រកសមុទ្រហ័រមូស ខណៈដែលថ្លៃថាមពលខ្ពស់កំពុងបន្ថែម សម្ពាធអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឧ្យដឹងថា វិបត្តិផ្គត់ផ្គង់ថ្មីៗនេះបានបង្ហាញពីភាពងាយរងគ្រោះនៅក្នុងទីផ្សារឧស្ម័នសកល ដោយព្រមានថា ការប្រកួតប្រជែងសម្រាប់ទំនិញឧស្ម័នធម្មជាតិរាវ (LNG) មានកំណត់ក្នុងអំឡុងពេលនៃភាពតានតឹងស្រួចស្រាវអាចនាំឱ្យមានការប្រែប្រួលតម្លៃខ្លាំង និងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងសំខាន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top