គ្រោះអគ្គិភ័យឆេះនៅហ្វីលីពីន បណ្តាលឱ្យមនុស្ស ៥ នាក់ស្លាប់ និងជិត ៩០ នាក់បាត់ខ្លួន
ម៉ានីល៖ សារព័ត៌មាន Aljazeera បានអោយដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះមានមនុស្សយ៉ាងហោចណាស់ ៥ នាក់បានបាត់បង់ជីវិត និង ៨៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនាវាចម្លងមួយគ្រឿង នៅជិតតំបន់ទេសចរណ៍ដ៏ពេញនិយម ក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan) ប្រទេសហ្វីលីពីន នេះបើយោងតាមការបញ្ជាក់ពីកងឆ្មាំសមុទ្រហ្វីលីពីន ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃពុធ លើនាវាចម្លងដែលមានឈ្មោះថា M/V June Aster នៅចម្ងាយប្រមាណ ២.២ គីឡូម៉ែត្រពីឆ្នេរ។ អាជ្ញាធរកងឆ្មាំសមុទ្របានឱ្យដឹងថា មកទល់ពេលនេះ សពជនរងគ្រោះចំនួន ៥ នាក់ត្រូវបានដឹកនាំមកដល់ច្រាំងហើយ។
លោកស្រី Noemi Cayabyab ប្រធានកងឆ្មាំសមុទ្រ បានថ្លែងប្រាប់ស្ថានីយវិទ្យុក្នុងស្រុកនាព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រតិបត្តិការសង្គ្រោះភ្លាមៗអាចជួយសង្គ្រោះមនុស្សបានចំនួន ៤២ នាក់ (ក្នុងនោះមានអ្នកដំណើរ ៣៨ នាក់ និងនាវិក ៤ នាក់)។
លោកស្រីបានបន្ថែមថា៖ «ផ្អែកលើទិន្នន័យជាក់ស្តែងនៃចំនួនអ្នកសង្គ្រោះបាន និងជនរងគ្រោះដែលស្លាប់ យើងនៅតែមានមនុស្សចំនួន ៨៧ នាក់ទៀតដែលកំពុងបាត់ខ្លួន»។ លោកស្រីបញ្ជាក់ថា បញ្ជីឈ្មោះអ្នកធ្វើដំណើរតាមនាវានោះ (Ship Manifest) មានកត់ត្រាអ្នកដំណើរ និងនាវិកសរុបចំនួន ១៣៤ នាក់។
ទោះជាយ៉ាងណា អាជ្ញាធរបានគូសបញ្ជាក់ថា តួលេខនេះអាចនឹងមានការផ្លាស់ប្តូរ ខណៈដែលប្រតិបត្តិការស្វែងរក និងសង្គ្រោះ (Search and Rescue) កំពុងបន្តធ្វើឡើងយ៉ាងសកម្មនៅឡើយ។
នាវាចម្លង M/V June Aster បានចាកចេញពីទីក្រុងម៉ានីល ហើយបានជួបប្រទះគ្រោះអគ្គិភ័យ នៅពេលកំពុងធ្វើដំណើរសំដៅទៅកាន់ក្រុងកូរ៉ុន (Coron) នៃខេត្តប៉ាឡាវ៉ាន់។ បច្ចុប្បន្ន មូលហេតុពិតប្រាកដដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ មិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ថា គ្រោះថ្នាក់តាមផ្លូវសមុទ្រ តែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីន ដែលជាប្រជុំកោះដែលមានកោះច្រើនជាង ៧,០០០ និងតែងតែរងការវាយប្រហារដោយខ្យល់កម្ពុជារដូវ និងព្យុះទីហ្វុង។ បន្ថែមពីនេះ ការថែទាំនាវាមិនបានត្រឹមត្រូវ ការផ្ទុកអ្នកដំណើរលើសចំណុះ និងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាពនៅមានកម្រិត ក៏ជាកត្តាចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់ផងដែរ៕
ប្រែសម្រួលដោយ៖ គីរី
https://www.aljazeera.com/news/2026/9/10/five-dead-dozens-missing-in-philippines-ferry-fire
