យន្តហោះអាមេរិកជាច្រើនគ្រឿង រងការខូចខាត នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេសហ្ស៊កដានី
បរទេស៖ យន្តហោះយោធាអាមេរិកជាច្រើនគ្រឿង បានរងការខូចខាតនៅ ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន CBS News ដែលបានដកស្រង់សម្តីប្រភព ដែលមានព័ត៌មានផ្ទាល់ អំពីហេតុការណ៍នេះ។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកយកព័ត៌មានរបស់ CBS គឺលោកស្រី Jennifer Jacobs បានឱ្យដឹងថា យន្តហោះ A-10 Thunderbolt (ដែលគេស្គាល់ជាទូទៅថា Warthog) មួយគ្រឿងត្រូវបានវាយប្រហាររហូតបាត់បង់ស្លាបមួយចំហៀង ខណៈដែលយន្តហោះចម្បាំង F-15 ប្រហែល ៨ គ្រឿងបានរងការខូចខាតកម្រិតស្រាល ប៉ុន្តែយន្តហោះ F-15 ទាំងនោះត្រូវបានគេយកមកប្រើ ប្រាស់ឡើងវិញនៅពេលក្រោយ។
មិនមានសេចក្តីរាយការណ៍ អំពីការបាត់បង់អាយុជីវិត ឬរបួសស្នាមរបស់បុគ្គលិក អាមេរិកឡើយ នៅក្នុងការវាយប្រហារលើមូលដ្ឋានទ័ពនេះ ដែលជាទីតាំងឈរជើង របស់កងកម្លាំងអាមេរិក រួមជាមួយកងទ័ព អាកាសរាជហ្ស៊កដានី ។
យោធាហ្ស៊កដានីបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោង (ballistic missiles) ចំនួន ២០ គ្រាប់ ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ដោយបានបំផ្លាញមីស៊ីលចំនួន ១៨ គ្រាប់ ខណៈដែល ២ គ្រាប់ទៀត បានធ្លាក់នៅតំបន់ដែលគ្មានមនុស្សរស់នៅ ដោយមិនបង្កឱ្យមានការខូចខាត ឬមានអ្នករងរបួសឡើយ។
