លោក Xi Jinping ទៅឥណ្ឌា ដើម្បីពង្រឹងទំនាក់ទំនងការទូត ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្ម នៅតែជាប់គាំង ដោយការមិនទុកចិត្តគ្នា
ញូវដេលី៖ ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌា នៅចុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅឥណ្ឌាក្នុងរយៈពេល ៧ឆ្នាំ ។ ដំណើរនេះត្រូវបានរំពឹងថា នឹងជួយបន្តការបន្ធូរភាពតាន តឹងផ្នែកការទូតរវាងប្រទេស មហាអំណាចអាស៊ីទាំងពីរ ខណៈឥណ្ឌាកំពុងធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី ។
ទោះជាយ៉ាងណា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងឥណ្ឌា នៅតែប្រឈមនឹងឧបសគ្គជាច្រើន ដូចជា បទប្បញ្ញត្តិវិនិយោគ ការពន្យារពេលទិដ្ឋាការ ការត្រួតពិនិត្យសន្តិសុខ និងការរឹតបន្តឹងលើបច្ចេកវិទ្យា និងឧបករណ៍ឧស្សាហកម្ម។ អ្នកវិភាគយល់ថា បញ្ហាទាំងនេះបង្ហាញពីគម្លាតរវាងការរីកចម្រើនផ្នែកការទូត និងការស្តារទំនាក់ទំនងអាជីវកម្ម។
ទំនាក់ទំនង រវាងប្រទេសទាំងពីរធ្លាក់ចុះខ្លាំង បន្ទាប់ពីការប៉ះទង្គិចតាមព្រំដែន ក្នុងឆ្នាំ ២០២០ ដែលបណ្តាល ឱ្យទាហានឥណ្ឌា ២០នាក់ និងទាហានចិន ៤នាក់ស្លាប់។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពតានតឹងបានធូរស្រាលបន្តិច ខណៈឥណ្ឌាបានបន្ធូររបាំងមួយចំនួនលើការវិនិយោគរបស់ក្រុមហ៊ុនចិន។
ក្នុងខែមីនា ឥណ្ឌាបានបន្ធូរការរឹតបន្តឹងមួយចំនួនលើការវិនិយោគរបស់ចិន ជាពិសេសក្នុងវិស័យ អេឡិចត្រូនិក ឧបករណ៍មូលធន និងបន្ទះសូឡា ហើយបានអនុម័តគម្រោងរួមមួយចំនួន ដូចជាការវិនិយោគរួមរវាងក្រុមហ៊ុនឥណ្ឌា Dixon Technologies និងក្រុមហ៊ុនស្មាតហ្វូនចិន Vivo Mobile។ ប៉ុន្តែក្រុមហ៊ុនចិនធំៗមួយចំនួន ដូចជា BYD និង Great Wall Motor នៅតែមានការស្ទាក់ស្ទើរក្នុងការវិនិយោគឡើងវិញ ដោយសារការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាលឥណ្ឌា។
ជាមួយគ្នានេះ ភាពមិនទុកចិត្ត ក៏មានពីភាគីចិនផងដែរ។ ប្រភពឥណ្ឌាបានអះអាងថា អាជ្ញាធរចិនបានណែនាំក្រុមហ៊ុន មួយចំនួនឱ្យប្រុងប្រយ័ត្នក្នុងការផ្គត់ផ្គង់ បច្ចេកវិទ្យាសំខាន់ៗ ឧបករណ៍កំពង់ផែ បន្ទះសូឡា និងឧបករណ៍ផលិតទូរស័ព្ទ ទៅឥណ្ឌា ។ ការពន្យារពេលក្នុងការផ្តល់ទិដ្ឋាការ និងការបញ្ចេញឧបករណ៍ពីគយចិន ក៏កំពុងបង្កការលំបាក ដល់អាជីវកម្មឥណ្ឌាផងដែរ ។
ក្រសួងការបរទេសចិន បានបញ្ជាក់ថា លោក Xi និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ចាត់ទុកប្រទេសទាំងពីរថា ជា “ដៃគូ មិនមែនជាគូប្រជែង” និងមើលឃើញថា ការអភិវឌ្ឍរបស់ប្រទេសមួយ គួរតែជាឱកាសសម្រាប់ប្រទេសមួយទៀត។ ប្រសិនបើលោក Xi និងលោក Modi ជួបពិភាក្សាទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំ BRICS វាអាចជួយបន្ធូររបាំងមួយចំនួន និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
សរុប៖ ដំណើររបស់លោក Xi ទៅឥណ្ឌា អាចជាជំហានសំខាន់ សម្រាប់ការស្តារទំនាក់ទំនងចិន-ឥណ្ឌា ប៉ុន្តែការកសាងទំនុកចិត្តឡើងវិញ និងការដោះស្រាយ បញ្ហាសន្តិសុខ វិនិយោគ និងពាណិជ្ជកម្ម នៅតែជាបញ្ហាប្រឈមធំ សម្រាប់ប្រទេសទាំងពីរ។
ប្រែសម្រួល៖ គីរី
