ប្រធានាធិបតីម៉ិកស៊ិក ប្ដេជ្ញាការពារអធិបតេយ្យភាព និងបដិសេធការប្រើប្រាស់ ប្រទេសម៉ិកស៊ិក ក្នុងនយោបាយអាមេរិក
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មី នូវជំហររបស់លោកស្រី លើអធិបតេយ្យភាពជាតិ និងបដិសេធការបោកប្រាស់ នយោបាយរបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យម៉ិកស៊ិកខាតបង់មុន ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។
លោកស្រី Sheinbaum បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ជាប្រចាំរបស់លោកស្រីនៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិកថា “ដូចដែលយើងតែងតែនិយាយ ម៉ិកស៊ិកមិនមែនជារបស់នរណាម្នាក់នោះទេ។ ម៉ិកស៊ិកត្រូវតែគោរព។ យើងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ពួកគេទេ។ ពួកគេក៏មិនគួរប្រើប្រាស់ម៉ិកស៊ិក ក្នុងការបោះឆ្នោតរបស់ពួកគេដែរ”។
ប្រធានាធិបតីរូបនេះ បានឆ្លើយតបទៅនឹងមតិយោបល់ថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលបានអះអាងថា ក្រុមជួញដូរគ្រឿងញៀនគ្រប់គ្រង “ទឹកដីដ៏ធំទូលាយ” របស់ប្រទេសម៉ិកស៊ិក ហើយថាពួកគេ “បង្កការគំរាមកំហែងយ៉ាងខ្លាំងនៅតាមព្រំដែនអាមេរិក”។
លោកស្រី Sheinbaum មើលឃើញពាក្យសម្ដីរបស់លោក Rubio ថាត្រូវបានជំរុញដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នាពេលខាងមុខ ពោលគឺនៅក្នុងខែវិច្ឆិកា។
លោកស្រីបានបន្ដថា «ប្រទេសម៉ិកស៊ិក មិនគួរត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនោះទេ» ដោយបានកត់សម្គាល់ថា អ្នកនយោបាយអាមេរិក គួរតែផ្តោតលើការដោះស្រាយបញ្ហាក្នុងស្រុករបស់ពួកគេ ដូចជាការប្រយុទ្ធប្រឆាំងនឹងការញៀនគ្រឿងញៀន និងការទប់ស្កាត់ការរត់ពន្ធអាវុធចូលទៅក្នុងប្រទេសម៉ិកស៊ិក៕
ប្រែសម្រួល ឈូក បូរ៉ា
