ព័ត៌មានអន្តរជាតិ

យានគ្មានមនុស្ស បើកក្រោមទឹករបស់សហរដ្ឋអាមេរិក​មួយគ្រឿងទៀត ត្រូវបានវាយប្រហារ​ នៅច្រកសមុទ្រហ័រមូស

តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួន បានកំណត់គោលដៅលើយានជំនិះ គ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក (USV) នៅក្នុងច្រកសមុទ្រហ័រមូស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC បានឧ្យដឹងថា​ យាន​ USV ប្រភេទ Saildrone Explorer កំពុងស្ថិតក្នុង “បេសកកម្មឈ្លានពាន” ហើយត្រូវបានវាយប្រហារនៅច្រកសមុទ្រ។

IRGC បានឧ្យដឹងទៀតថា យានUSV Saildrone Explorer ពីមុនត្រូវបានប្រើប្រាស់នៅក្នុងតំបន់ដោយកងនាវាទី៥​ របស់សហរដ្ឋអាមេរិក និងក្រុមការងារទី៥៩​ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសបារ៉ែន ដោយបន្ថែមថា មូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅបារ៉ែន​ ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ ហើយយាន​ USV ឥឡូវនេះត្រូវបានប្រើប្រាស់ដោយអង្គភាពមួយ​ ដែលមានមូលដ្ឋាននៅ Khasab ក្នុងប្រទេសអូម៉ង់។

កងកម្លាំង IRGC បានឧ្យដឹងម្តងទៀតថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយព្រមានថា “វត្តមានអរិភាពណាមួយនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនឹងត្រូវកំណត់គោលដៅ”។

កងទ័ពជើងទឹក IRGC បានឧ្យដឹងថា កងកម្លាំងរបស់ខ្លួនបានចាប់យកនាវាមុជទឹកគ្មានមនុស្សបើក “ទំនើប និងឆ្លាតវៃបំផុត” មួយគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិក ដែលត្រូវបានកំណត់ថាជា Dive-LD នៅច្រកចូលច្រកសមុទ្រហ័រមូស។

ក្រោយមក យោធាសហរដ្ឋអាមេរិកបានឧ្យដឹងថា យន្តហោះគ្មានមនុស្សបើកក្រោមទឹកមួយគ្រឿងរបស់ខ្លួន “មានបញ្ហា” ក្នុងអំឡុងពេលស្ទង់មើលដែនទឹកក្នុងតំបន់ ដោយមិនបាននិយាយថា ឧបករណ៍នេះត្រូវបានរឹបអូសដោយអ៊ីរ៉ង់​ ឬអត់នោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top