ថ្នាក់ដឹកនាំកំពូលវៀតណាម លោក តូ ឡឹម ទទួលគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់បារាំង នៅទីក្រុងប៉ារីស
ប៉ារីស៖ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងនៅប៉ារីស) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) ត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រគល់ជូននូវគ្រឿងឥស្សរិយយស Grand Cross of the Legion of Honor (គ្រឿងឥស្សរិយយសលីស្យុងដូណើរ ថ្នាក់មហាស៊េរីវឌ្ឍន៍) ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋបារាំង នេះបើតាមការចេញផ្សាយពីសារព័ត៌មាន VN Express។
ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការថ្នាក់រដ្ឋ នៅវិមាន Invalides និងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំទាំងពីរ នៅរាជធានីប៉ារីស។
គ្រឿងឥស្សរិយយស Legion of Honor ត្រូវបានបង្កើតឡើងដោយអធិរាជ ណាប៉ូឡេអុង បូណាប៉ាត (Napoleon Bonaparte) កាលពីឆ្នាំ១៨០២ ដើម្បីបំពាក់ជូនបុគ្គល និងថ្នាក់ដឹកនាំដែលមានស្នាដៃ និងការបម្រើជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងលេចធ្លោ។ ការប្រគល់ថ្នាក់ Grand Cross ជូនចំពោះលោក តូ ឡឹម ឆ្លុះបញ្ចាំងពីការវាយតម្លៃខ្ពស់របស់បារាំង ចំពោះការគាំទ្រ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវៀតណាម ក្នុងការកសាង និងពង្រឹងទំនាក់ទំនងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលអវកាសអន្តរជាតិ (International Space Summit) ដែលរៀបចំឡើងនៅប្រទេសបារាំងផងដែរ។
ទំនាក់ទំនងរវាងវៀតណាម និងបារាំង ត្រូវបានកសាងឡើងនៅលើគ្រឹះប្រវត្តិសាស្ត្រ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនយ៉ាងស៊ីជម្រៅ ហើយបច្ចុប្បន្នភាគីទាំងពីរ កំពុងបន្តពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មីៗដូចជា បច្ចេកវិទ្យាឌីជីថល និងការបង្កើតថ្មី (Innovation) ដើម្បីផលប្រយោជន៍ទៅវិញទៅមក៕
ប្រែសម្រួល៖ គីរី
