Feature

ព្រះសង្ឃថៃត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធសង្ស័យកិបកេងប្រាក់វត្តជិត ៣លានដុល្លារ

ថៃ៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះបានអោយដឹងថា
ប៉ូលិសថៃបានឃាត់ខ្លួនព្រះសង្ឃជាន់ខ្ពស់មួយអង្គ ដោយសង្ស័យថាបានកិបកេងប្រាក់ប្រមាណ ១០០លានបាត ស្មើនឹងជិត ៣លានដុល្លារ ពីវត្តដែលព្រះអង្គគ្រប់គ្រង។ ក្នុងករណីនេះ ស្ត្រីម្នាក់ដែលត្រូវបានសង្ស័យថាជាអ្នកពាក់ព័ន្ធនឹងការគ្រប់គ្រង និងផ្ទេរប្រាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។

ការស៊ើបអង្កេតបានចាប់ផ្តើម បន្ទាប់ពីមានការចោទប្រកាន់ថា ប្រាក់ដែលជាកម្មសិទ្ធិរបស់វត្តត្រូវបានផ្ទេរទៅគណនី និងមូលនិធិដែលពាក់ព័ន្ធនឹងស្ត្រីរូបនោះ។ ប៉ូលិសក៏បានរកឃើញថា មានការចេញបង្កាន់ដៃទទួលអំណោយជាច្រើនសន្លឹកដោយមិនមានការអនុញ្ញាត ហើយប្រាក់មួយចំនួនពីការលក់វត្ថុសក្ការៈ និងគ្រឿងអលង្ការព្រះពុទ្ធសាសនា ត្រូវបានសង្ស័យថាមិនបានបញ្ចូលទៅក្នុងគណនីរបស់វត្ត។

ករណីនេះកាន់តែមានភាពចម្រូងចម្រាស បន្ទាប់ពីប៉ូលិសពិនិត្យវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានរាយការណ៍ថាបង្ហាញព្រះសង្ឃមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីម្នាក់នៅក្នុងបន្ទប់ស្នាក់នៅរបស់ព្រះអង្គ។ ប៉ូលិសសង្ស័យថា ស្ត្រីដែលបង្ហាញក្នុងវីដេអូនោះ គឺជាមនុស្សដដែលដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាក់ក្នុងសំណុំរឿងនេះ។

ក្នុងការឆែកឆេរផ្ទះស្ត្រីដែលត្រូវបានឃាត់ខ្លួន ប៉ូលិសបានរាយការណ៍ថា រកឃើញមាស និងគ្រឿងអលង្ការមានទម្ងន់សរុបប្រមាណ ៩០បាត ឬប្រហែល ១,៣៦គីឡូក្រាម ដែលមានតម្លៃប្រមាណ ៦,០៤លានបាត ព្រមទាំងសាច់ប្រាក់ ៣,៦លានបាត ទូរស័ព្ទ និងឯកសារហិរញ្ញវត្ថុជាច្រើន។

ប៉ូលិសកំពុងបន្តស៊ើបអង្កេត ដោយសង្ស័យថា អាចមានមនុស្សផ្សេងទៀតពាក់ព័ន្ធនឹងការកិបកេងប្រាក់នេះ។ អាជ្ញាធរថៃក៏កំពុងបន្តនីតិវិធីច្បាប់ចំពោះជនសង្ស័យទាំងអស់ ខណៈការចោទប្រកាន់មិនទាន់ត្រូវបានសម្រេចជាស្ថាពរដោយតុលាការនៅឡើយ។

ប្រែសម្រួល៖ គីរី

To Top