ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើត ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគអំពីលក្ខណៈបច្ចេកទេសរបស់មីស៊ីល

បរទេស៖ គណៈអគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសៅរ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចំនួនចេញពីតំបន់ Wonsan ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា គណៈអគ្គសេនាធិការចម្រុះ (JCS) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញនៅម៉ោងប្រហែល ៥:២០ ព្រឹក ហើយបានហោះក្នុងចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ (១៥៥ ម៉ាយ)។ ស្ថាប័ននេះបានបន្ថែមថា អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគយ៉ាងលម្អិតអំពីលក្ខណៈបច្ចេកទេសរបស់មីស៊ីលទាំងនោះ។
‎
‎JCS បានឱ្យដឹងថា អាជ្ញាធរចារកម្មរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានតាមដាន និងចែករំលែកព័ត៌មានអំពីការបាញ់សាកល្បងនេះតាំងពីដំបូងមកម្ល៉េះ ខណៈដែលព័ត៌មានអំពីមីស៊ីលផ្លោងទាំងនោះក៏ត្រូវបានចែករំលែកជាមួយប្រទេសជប៉ុនផងដែរ។
‎
‎នៅក្នុងសេចក្តីថ្លែងការណ៍នោះ JCS បានបញ្ជាក់ថា៖ «យោធាកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់កូរ៉េខាងជើង និងរក្សាបាននូវសមត្ថភាពព្រមទាំងការត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាពបង្កហេតុ ក្រោមយុទ្ធសាស្ត្រការពាររួមជាមួយសហរដ្ឋអាមេរិក»។

‎ប្រែសម្រួលៈ ណៃ តុលា

To Top