នៅពេលដែលភាពតានតឹងរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី, ប្រទេសប៉ាគីស្ថានដែលដើរតួជាអ្នកសម្របសម្រួល កំពុងប្រឈមមុខនឹងសម្ពាធក្នុងការជ្រើសរើសយកភាគីណាមួយ
បរទេស៖ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ប្រទេសប៉ាគីស្ថានបានដើរតួនាទីពីរគឺ ជាដៃគូការពារជាតិរបស់ទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត) និងជាអ្នកសម្របសម្រួលទំនាក់ទំនងក្រៅផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ ប៉ុន្តែ ការប៉ះទង្គិចគ្នានៅសប្តាហ៍នេះរវាងក្រុមហ៊ូទី (Houthi) របស់យេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ និងកងកម្លាំងអារ៉ាប៊ីសាអូឌីត កំពុងបង្កជាការសាកល្បងកាន់តែខ្លាំងឡើងថាតើទីក្រុងអ៊ីស្លាម៉ាបាដ (ប៉ាគីស្ថាន) អាចរក្សាតួនាទីទាំងពីរនេះក្នុងពេលតែមួយបានយូរប៉ុណ្ណា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា ការប៉ះទង្គិចគ្នានេះគឺជាការសាកល្បងដ៏សំខាន់លើកដំបូងនៃសម្ព័ន្ធភាពការពារជាតិរួមគ្នា ដែលត្រូវបានចុះហត្ថលេខារវាងប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគីកាលពីខែមុន ដោយបន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់រវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងរីយ៉ាដ។ យោងតាមកិច្ចព្រមព្រៀងនេះ ការវាយប្រហារដោយអាវុធលើប្រទេសណាមួយក្នុងចំណោមប្រទេសទាំងបី នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំងបីតែម្តង។
មន្ត្រីប៉ាគីស្ថានមានការព្រួយបារម្ភថា ការគំរាមកំហែងពីក្រុមហ៊ូទីទំនងជានឹងទាញទីក្រុងអ៊ីស្លាម៉ាបាដចូលទៅក្នុងសង្គ្រាម ជាងករណីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីតកាលពីដើមឆ្នាំនេះ។
មន្ត្រីប៉ាគីស្ថានពីររូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ កាលពីខែកក្កដាថា ទាហានប៉ាគីស្ថានត្រូវបានដាក់ពង្រាយនៅជិតព្រំដែនអារ៉ាប៊ីសាអូឌីតជាប់នឹងប្រទេសយេម៉ែន ដែលធ្វើឱ្យពួកគេប្រឈមមុខនឹងហានិភ័យដោយផ្ទាល់កាន់តែខ្លាំង។
កិច្ចព្រមព្រៀងការពារជាតិជាមួយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ប៉ាគីស្ថានក្នុងការជំរុញសេដ្ឋកិច្ចដែលទើបនឹងងើបឡើងវិញរបស់ខ្លួន បន្ទាប់ពីឆ្លងកាត់វិបត្តិអស់រយៈពេលជាច្រើនឆ្នាំ ហើយកិច្ចព្រមព្រៀងទាំងនោះតែងតែអមមកជាមួយនូវការចរចាស្របពេលគ្នា ឬជាបន្តបន្ទាប់អំពីការវិនិយោគពីតំបន់ឈូងសមុទ្រ។
ប្រែសម្រួល: ណៃ តុលា
