ព័ត៌មានអន្តរជាតិ

លោក Trump និយាយថា លោកនឹងយល់ព្រមជាមួយប្រទេសចិន ក្នុងការសាងសង់រោងចក្រផលិតរថយន្ត នៅសហរដ្ឋអាមេរិក

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃសុក្រថា លោកនឹងមិនជំទាស់នឹងការដែលក្រុមហ៊ុនផលិតរថយន្តរបស់ចិនមកសាងសង់ រោងចក្រផលិតរថយន្តនៅក្នុងសហរដ្ឋអាមេរិកនោះទេ ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់សមាជិកសភា និងក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកក៏ដោយ។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Trump បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “The Ingraham Angle” របស់ទូរទស្សន៍ Fox News ថា៖ «ប្រសិនបើប្រទេសចិនចង់មកបើករោងចក្រ ផលិតរថយន្តរបស់ពួកគេនៅទីនេះ ខ្ញុំមិនជំទាស់នឹងរឿងនេះទេ»។
‎
‎លោកបានបន្តថា៖ «ប្រទេសជប៉ុនក៏ធ្វើបែបនេះដែរ ប៉ុន្តែពួកគេជួលប្រជាជនរបស់យើងឱ្យធ្វើការ។ ចំណុចសំខាន់គឺពួកគេជួលប្រជាជនរបស់យើង»។
‎
‎លោកបានបន្ថែមថា លោកមិនចង់ឃើញក្រុមហ៊ុនផលិតរថយន្តរបស់ចិន សាងសង់រថយន្តនៅក្នុងប្រទេសម៉ិកស៊ិក ហើយដឹកជញ្ជូនរថយន្តទាំងនោះមកកាន់សហរដ្ឋអាមេរិកនោះទេ។ លោក Trump បានបញ្ជាក់ថា៖ «ខ្ញុំមិនមែនមានបំណងរិះគន់រថយន្តរបស់ចិននោះទេ»។
‎
‎សូមជម្រាបថា ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកបានជំរុញឱ្យលោក Trump ដែលគ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលពីរសប្តាហ៍ទៀតនោះ កុំយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្ត របស់ចិនចូលមកក្នុងទីផ្សារសហរដ្ឋអាមេរិក ៕

‎ប្រែសម្រួល: ណៃ តុលា

To Top