ប្រទេសអ៊ីរ៉ង់ កំពុងជួបប្រទះបញ្ហាខ្វះខាតប្រេងសាំងយ៉ាងធ្ងន់ធ្ងរ ក្នុងពេលអត្រា អត់ការងារធ្វើខ្ពស់ និងការឡើងថ្លៃទំនិញយ៉ាងគំហុក
បរទេស៖ រោងចក្រចម្រាញ់ប្រេង ត្រូវបានខូចខាតដោយសារការប្រយុទ្ធគ្នា ហើយការនាំចូលប្រេងសាំង ជួបការលំបាកដោយសារការ បិទខ្ទប់របស់សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យអ៊ីរ៉ង់ប្រឈម នឹងការខ្វះខាតប្រេងសាំងយ៉ាងធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច នៃសង្គ្រាម និងការបិទខ្ទប់កំពង់ផែដោយសហរដ្ឋអាមេរិក កំពុងធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាជនអ៊ីរនកាន់តែលំបាកថែមទៀត។ ពួកគេធ្លាប់បានជួបការលំបាក រួចទៅហើយជាមួយនឹងការធ្លាក់ចុះ នៃតម្លៃរូបិយប័ណ្ណ អត្រាអត់ការងារធ្វើខ្ពស់ និងការឡើងថ្លៃទំនិញយ៉ាងគំហុក។
នៅថ្ងៃទី ៧ ខែកញ្ញា រដ្ឋាភិបាលអ៊ីរ៉ង់បានដំឡើងថ្លៃប្រេងសាំងទ្វេដងសម្រាប់អ្នកដែលប្រើប្រាស់លើសពី ១១០ លីត្រក្នុងមួយខែ ដោយកំណត់តម្លៃស្មើនឹង ០,០៤ ដុល្លារក្នុងមួយលីត្រ។ នេះមានន័យថា បន្ទាប់ពីប្រើប្រាស់អស់កូតាប្រេងសាំងដែលមានតម្លៃថោកដែលបានកំណត់នោះ ប្រជាជនអាចនឹងត្រូវចំណាយប្រាក់ ២ ដុល្លារដើម្បីចាក់បំពេញធុងប្រេងរថយន្តដឹកអ្នកដំណើរ និង ៥ ដុល្លារសម្រាប់រថយន្តដឹកទំនិញ។ នេះគឺជាការចំណាយដ៏ច្រើនសម្រាប់ប្រជាជនអ៊ីរ៉ង់ ដែលភាគច្រើនរកចំណូលបានត្រឹមតែជាង ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
ស្ថានីយប្រេងឥន្ធនៈមួយចំនួនបានអស់ប្រេង ខណៈដែលអ្នកបើកបរនាំគ្នារួសរាន់ទៅទិញមុនពេលតម្លៃថ្មីចូលជាធរមាន។ មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅតាមស្ថានីយដោយមិនអាចទិញប្រេងបាន។ អ្នកបើកបរតាក់ស៊ី និងរថយន្តដឹកទំនិញបានសម្តែងការប្រឆាំង ខណៈដែលស្ថានភាពជីវភាពរស់នៅបន្តធ្លាក់ចុះ។
អ៊ីរ៉ង់ត្រូវបានបង្ខំឱ្យកាត់បន្ថយការឧបត្ថម្ភធនលើប្រេងឥន្ធនៈយ៉ាងខ្លាំងចំពេលដែលមានការកើនឡើងនៃចំណាយក្នុងការជួយដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ រដ្ឋាភិបាលក៏កំពុងប្រឹងប្រែងជួសជុល រោងចក្រចម្រាញ់ប្រេង ដែលខូចខាតដោយសារការប្រយុទ្ធគ្នាផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសនេះកំពុងជួបការលំបាកក្នុងការនាំចូលប្រេងសាំង ដោយសារការបិទខ្ទប់កំពង់ផែ របស់ខ្លួនដោយសហរដ្ឋអាមេរិក។
ប្រែសម្រួល: ណៃ តុលា
