ចិន ថ្កោលទោសសកម្មភាពចារកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុនចិន
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” និង “ការប្រឆាំងយ៉ាងដាច់អហង្ការ” ចំពោះការលើកឡើងរបស់មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) ដែលចាត់ទុកក្រុមហ៊ុនចិនថា ជាគោលដៅស្របច្បាប់សម្រាប់ការធ្វើចារកម្ម ដោយទាមទារឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឧ្យដឹងថា៖ «ការអះអាងយ៉ាងគឃ្លើនរបស់ភាគីអាមេរិកថា ក្រុមហ៊ុនចិន គឺជាគោលដៅស្របច្បាប់ សម្រាប់ការធ្វើចារកម្ម បានហែករបាំងបិទបាំងដែលទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ប្រើ ដើម្បីលួចយកព័ត៌មានសម្ងាត់ដោយលួចលាក់ ហើយបានលាតត្រដាងនូវតក្កវិជ្ជា បែបចោរកម្មនៃមហិច្ឆតាត្រួតត្រាពិភពលោក ឱ្យឃើញច្បាស់ក្រឡែតនៅចំពោះមុខសាធារណជន»។
អ្នកនាំពាក្យរូបនេះបានបន្តថា ប្រទេសចិនទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យភាគី អាមេរិកបញ្ឈប់រាល់សកម្មភាព ចារកម្មប្រឆាំងនឹងប្រទេសចិនជាបន្ទាន់ រួមទាំងសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនចិនផងដែរ និងបញ្ឈប់រាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន។
យោងតាមអ្នកនាំពាក្យរូបនេះបន្ដថា ប្រទេសចិនមានឆន្ទៈដ៏មុតមាំ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចាត់វិធានការចាំបាច់យ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដូចជាច្បាប់ប្រឆាំងចារកម្មជាដើម ដើម្បីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើអំពើខុសច្បាប់ និងបទឧក្រិដ្ឋ ព្រមទាំងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។
ការលើកឡើងទាំងនេះបានកើតឡើងបន្ទាប់ពីលោក Michael Ellis អនុប្រធាន CIA ថ្មីៗនេះបានថ្លែងថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពចារកម្មក្នុងវិសាលភាពកាន់តែទូលំទូលាយប្រឆាំងនឹងប្រទេសចិន រួមទាំងក្រុមហ៊ុនចិនផងដែរ ដោយអះអាងថា ក្រុមហ៊ុនចិនក្នុងវិស័យនានាដូចជា បញ្ញាសិប្បនិម្មិត (AI) បន្ទះឈីប (semiconductors) និងបច្ចេកវិទ្យាជីវសាស្ត្រ គឺជាគោលដៅស្របច្បាប់ សម្រាប់សកម្មភាពបែបនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
