ព័ត៌មានអន្តរជាតិ

សាកសពជនរងគ្រោះដំបូង នៃហេតុការណ៍ឆេះសាឡាង នៅហ្វីលីពីនត្រូវបានដឹកមកដល់ច្រាំង ខណៈចំនួនអ្នកស្លាប់កើនដល់ ៣៥នាក់

កូរ៉ូន (ហ្វីលីពីន)៖ សាកសពរបស់អ្នកដំណើរ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ឆេះសាឡាងនៅប្រទេសហ្វីលីពីន ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែមួយក្បែរក្រុងទេសចរណ៍ កូរ៉ូន (Coron) នៃខេត្ត ប៉ាឡាវ៉ាន់ (Palawan) នៅព្រឹកថ្ងៃសៅរ៍ ខណៈដែលកងកម្លាំងការពារឆ្នេរនៃប្រទេសនេះបានព្រមានថា ចំនួនអ្នកស្លាប់ ៣៥នាក់ អាចនឹងបន្តកើនឡើងបន្ថែមទៀត។

អ្នកយកព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន AFP បានឃើញការបោះតង់ជាច្រើន ដើម្បីទទួលយកសាកសពចំនួន ៣០ នាក់ ដែលត្រូវបានស្រង់ចេញពីនាវា M/V June Aster។ នាវានេះបានរត់ទៅកល់ជាប់នឹងឆ្នេរនៅក្បែរតំបន់ទេសចរណ៍ដ៏ពេញនិយមខាងលើ បន្ទាប់ពីអគ្គិភ័យបានផ្ទុះឡើងកាលពីល្ងាចថ្ងៃពុធ ហើយបានឆាបឆេះយ៉ាងសន្ធោសន្ធៅពេញទូកទាំងមូលក្នុងរយៈពេលត្រឹមតែ «ប៉ុន្មានវិនាទី» ប៉ុណ្ណោះ។

លោកស្រី Noemie Cayabyab អ្នកនាំពាក្យកងកម្លាំងការពារឆ្នេរ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃសៅរ៍ថា អដ្ឋិធាតុ និងសាកសពទាំងនោះ នឹងត្រូវប្រគល់ជូនសមត្ថកិច្ចកោសល្យវិច័យប៉ូលីស ដើម្បី «រៀបចំ និងកំណត់អត្តសញ្ញាណ ឱ្យបានត្រឹមត្រូវ» មុននឹងអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានជូនដំណឹងទៅកាន់ក្រុមគ្រួសារជនរងគ្រោះ។

លោកស្រីបានបញ្ជាក់បន្ថែមថា៖ «បច្ចុប្បន្ន យើងកំពុងផ្តោតលើប្រតិបត្តិការស្រង់ និងស្វែងរកសាកសព ហើយបន្ទាប់ពីនោះ យើងនឹងបន្តការស៊ើបអង្កេត» ដោយលោកស្រីបានអះអាងថា សាកសពទាំងនោះត្រូវបាន រកឃើញនៅក្នុងតំបន់កន្លែង ស្នាក់នៅថ្នាក់សន្សំសំចៃ (Economy accommodation) របស់នាវា។

ប្រែសម្រួល៖​ គីរី

To Top