ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូធីរបស់យេម៉ែន ពង្រីកការគ្រប់គ្រងតាមឆ្នេរសមុទ្រ បង្ខំប្រទេសឈូងសមុទ្រឱ្យប្រឈមជម្រើសដ៏លំបាក

អង់ការ៉ា៖ ការវាយលុករបស់ក្រុមហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងការកាន់កាប់តំបន់សំខាន់ៗ តាមឆ្នេរសមុទ្រក្រហមរបស់យេម៉ែន កំពុងផ្លាស់ប្តូរតុល្យភាព អំណាចនៅតំបន់ឈូងសមុទ្រ និងបង្កើនសម្ពាធលើប្រទេសអារ៉ាប់ក្នុងតំបន់ ជាពិសេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្រុមហ៊ូធីបានពង្រីកការគ្រប់គ្រងទៅកាន់ តំបន់ឆ្នេរសមុទ្រក្រហម និងតំបន់ជិត ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនទំនិញ និងប្រេងនៅទូទាំងពិភពលោក។ ការរីកចម្រើននេះធ្វើឱ្យអ៊ីរ៉ង់អាចទទួលបានឥទ្ធិពលកាន់តែខ្លាំងលើផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗពីរនៅតំបន់ គឺច្រក Hormuz និង Bab el-Mandeb។

ក្រុមហ៊ូធីបានកាន់កាប់តំបន់សំខាន់ៗជាច្រើននៅឆ្នេរសមុទ្រ រួមទាំងទីក្រុងកំពង់ផែ Mocha និងបានឈានទៅដល់កោះ Perim ដែលស្ថិតនៅក្នុងច្រក Bab el-Mandeb។ ការគ្រប់គ្រងតំបន់ទាំងនេះអាចផ្តល់ឱ្យក្រុមហ៊ូធីនូវសមត្ថភាពកាន់តែច្រើនក្នុងការរំខានដល់ចរាចរណ៍នាវាអន្តរជាតិ។

ការវិវត្តនេះកំពុងបង្កើនការព្រួយបារម្ភ ជាពិសេសសម្រាប់ អារ៉ាប៊ីសាអូឌីត ដែលបានពឹងផ្អែកលើផ្លូវដឹកជញ្ជូន តាមសមុទ្រក្រហម ដើម្បីនាំចេញប្រេង បន្ទាប់ពីការប្រើប្រាស់ ច្រកសមុទ្រ Hormuz ត្រូវបានរំខានដោយសង្គ្រាម ជាមួយអ៊ីរ៉ង់។ ប្រសិនបើ Bab el-Mandeb ត្រូវបានរំខានបន្ថែមទៀត វាអាចបង្កការរអាក់រអួលដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃប្រេងពិភពលោកកើនឡើង។

អ្នកវិភាគយល់ថា ការរីកចម្រើន របស់ក្រុមហ៊ូធីអាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ក្នុងការបង្កើនសម្ពាធលើ ប្រទេសឈូងសមុទ្រ និងបង្កើន ឥទ្ធិពលរបស់ខ្លួននៅក្នុងការចរចាថ្នាក់តំបន់។ ទន្ទឹមនឹងនេះ ប្រទេសឈូងសមុទ្រមួយចំនួន កំពុងប្រឈមនឹងសំណួរថា តើគួរបន្តពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាមេរិក ឬត្រូវស្វែងរកការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់ខ្លួន។

ការវិវត្តនេះក៏កំពុងធ្វើឱ្យស្ថានការណ៍ នៅមជ្ឈិមបូព៌ាកាន់តែស្មុគស្មាញ ខណៈការគ្រប់គ្រងច្រកសមុទ្រសំខាន់ៗ ក្លាយជាចំណុចស្នូលនៃការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងប្រទេសឈូងសមុទ្រ។

ប្រែសម្រួល៖ គីរី

To Top