សាឡាងដឹកអ្នកដំណើរ លិចក្រឡាប់នៅឥណ្ឌូនេស៊ី ស្លាប់ ៦នាក់ និងបាត់ខ្លួនជាង ១២០នាក់
ហ្សាកាតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និង១២៩នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់នៅសមុទ្រជ្វា ខណៈកំពុងធ្វើដំណើរពីកោះជ្វា ទៅកាន់កោះបូរណេអូ កាលពីថ្ងៃទី១៣ ខែកញ្ញា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២។
សាឡាង Virgo Transport 8 ត្រូវបានអាជ្ញាធរបញ្ជាក់ថា មានអ្នកដំណើរ ២១៣នាក់ និងនាវិក៣០នាក់។ នាវានេះបានចាកចេញពីទីក្រុង Surabaya ក្នុងខេត្តជ្វាខាងកើត មុនពេលបាត់ការទាក់ទងជាមួយ ក្រុមហ៊ុននៅព្រឹកថ្ងៃអាទិត្យ។
ទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូនេស៊ី Basarnas បានបញ្ជាក់ថា មនុស្ស ១០៨នាក់ត្រូវបានជួយសង្គ្រោះ ខណៈប្រតិបត្តិការស្វែងរក អ្នកបាត់ខ្លួននៅតែបន្ត ។ អ្នកដែលត្រូវបានជួយសង្គ្រោះ មួយចំនួនត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យដោយរថយន្តសង្គ្រោះបន្ទាន់ ហើយខ្លះត្រូវបានដឹកជញ្ជូនលើរទេះរុញ ឬត្រូវការជំនួយក្នុងការដើរ។
រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Dudy Purwagandhi បាននិយាយថា តាមការសង្កេតពីឧទ្ធម្ភាគចក្រ នាវានេះបាន ក្រឡាប់ ប៉ុន្តែមិនទាន់លិចទាំងស្រុង នៅពេលនោះ។ មុនពេលបាត់ការទាក់ទង កាពីទែននាវាក៏បានរាយការណ៍ទៅក្រុមហ៊ុនថា នាវាកំពុងមានសភាព “ផ្អៀង”។
ប្រតិបត្តិការសង្គ្រោះប្រឈមនឹងលក្ខខណ្ឌអាកាសធាតុដ៏លំបាក ដោយរលកសមុទ្រមានកម្ពស់រហូតដល់ ២.៥ម៉ែត្រ។ ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងត្រូវបានដាក់ពង្រាយ ដើម្បីជួយស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅសេសសល់។ ទីតាំងចុងក្រោយរបស់នាវាត្រូវបានរកឃើញនៅសមុទ្រជ្វា ចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រពីគោលដៅ។
នៅកំពង់ផែ Banjarmasin អាជ្ញាធរបានបង្កើតមជ្ឈមណ្ឌលបញ្ជាការសង្គ្រោះ ខណៈសាច់ញាតិ និងក្រុមគ្រួសារអ្នកដំណើរជាច្រើនបានរង់ចាំព័ត៌មានអំពីសមាជិកគ្រួសាររបស់ពួកគេ។
ឧបទ្ទវហេតុនេះកើតឡើង ក្នុងប្រទេសដែលមានកោះជាង ១៧,០០០កោះ និងពឹងផ្អែកយ៉ាងខ្លាំង លើការធ្វើដំណើរតាមសមុទ្រ ។ ឧបទ្ទវហេតុនាវាចរណ៍កើតមានជាញឹកញាប់ ដោយកត្តាសំខាន់ៗរួមមាន ស្តង់ដារសុវត្ថិភាពមិនគ្រប់គ្រាន់ និងអាកាសធាតុ ដែលពិបាកព្យាករណ៍។
ប្រែសម្រួល៖ គីរី
