ព័ត៌មានអន្តរជាតិ

លោកTrump លើកជម្រើសបន្ត ធ្វើសង្គ្រាមនៅអ៊ីអ៊ីរ៉ង់ និងគ្រប់គ្រងប្រេង ដោយប្រៀបធៀប នឹងកិច្ចព្រមព្រៀងប្រេងវេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃទី១៣ ខែកញ្ញា បានលើកឡើងថា សហរដ្ឋអាមេរិកអាចសម្រេចបន្តរក្សាវត្តមាន នៅក្នុងប្រទេសអ៊ីរ៉ង់ និងយកប្រេងរបស់ប្រទេសនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន សម្រេច មិនដកខ្លួនចេញពីអ៊ីរ៉ង់។ លោកបានប្រៀបធៀបជម្រើសនេះ ទៅនឹងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវិស័យប្រេងរបស់វេណេស៊ុយអេឡា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters នៅថ្ងទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ និងចូលរួមទស្សនាការប្រកួតកីឡាវាយកូនហ្គោល Irish Open លោក Trump បាននិយាយថា លោកនៅតែរំពឹងថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចបញ្ចប់នៅចុងឆ្នាំ២០២៦ ប៉ុន្តែអាចអូសបន្លាយរហូតដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកា។ លោកក៏បានព្យាករថា តម្លៃសាំងនៅអាមេរិកនឹងធ្លាក់ចុះយ៉ាងខ្លាំង ប្រសិនបើសង្គ្រាមបញ្ចប់។

លោក Trump បានបញ្ជាក់ថា លោកនឹងយល់ព្រមតែចំពោះ កិច្ចព្រមព្រៀងដែលលោកចាត់ទុកថា “ត្រឹមត្រូវ” និងមានប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក ហើយមិនចង់ទទួលយកកិច្ចព្រមព្រៀងដែលលោកចាត់ទុកថាមិនល្អ។ លោកក៏អះអាងថា អ៊ីរ៉ង់បានព្យាយាមទាក់ទងជាបន្តបន្ទាប់ដើម្បីចរចាសន្តិភាព ប៉ុន្តែទីក្រុងតេអេរ៉ង់ធ្លាប់បដិសេធការអះអាងបែបនេះ។

លោក Trump បានបង្ហាញថា មានជម្រើសមួយទៀត គឺ បន្តការចូលរួម របស់អាមេរិកនៅអ៊ីរ៉ង់ និងគ្រប់គ្រងធនធានប្រេង របស់ប្រទេសនេះ។ លោកបានយកករណីវេណេស៊ុយអេឡាមកធ្វើជាឧទាហរណ៍ ដោយអះអាងថា ចំណូលពីប្រេងវេណេស៊ុយអេឡាបានជួយគ្របដណ្តប់លើការចំណាយសង្គ្រាមរបស់អាមេរិកជាច្រើនដង។

ប្រែសម្រួល៖ គីរី

To Top